ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងផ្ដោតសំខាន់លើការលើកកម្ពស់ កិច្ចសហប្រតិបត្ដិការសេដ្ឋកិច្ចជាមួយរុស្ស៊ី និងម៉ុងហ្គោលី

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ លោក ហុង ណាំគី បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង នឹងផ្តោតលើការលើកកម្ពស់ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅឆ្នាំនេះ ជាមួយប្រទេសរុស្ស៊ី ម៉ុងហ្គោលី និងប្រទេសដទៃទៀត ដែលស្ថិតនៅភាគខាងជើងនៃឧបទ្វីបកូរ៉េ ស្របតាមគំនិតផ្តួចផ្តើមការទូត នៃគោលនយោបាយភាគខាងជើងថ្មីរបស់ខ្លួន។

លោកហុង បានធ្វើការកត់សម្គាល់ នៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្រ្តី ពាក់ព័ន្ធនឹងសេដ្ឋកិច្ច កាលពីព្រឹកថ្ងៃម្សិលមិញ។ លោកហុង បានប្រាប់អង្គប្រជុំថា ប្រទេសកូរ៉េខាងត្បូង នឹងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជាមួយបណ្តាប្រទេសនៅភាគខាងជើង ដើម្បីទាញយកសមិទ្ធិផល ចេញពីគោលនយោបាយថ្មីនៅភាគខាងជើង។

ប្រធានាធិបតីលោក មូន ជេអ៊ីន បានបង្កើតគណៈកម្មាធិការប្រធានាធិបតី សម្រាប់កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចភាគខាងជើងនៅខែឧសភាឆ្នាំ ២០១៧ ដើម្បីដឹកនាំយុទ្ធនាការការទូត ដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងផ្សេងទៀត ជាមួយប្រទេសនានា នៅតំបន់ភាគខាងជើង រួមទាំងប្រទេសនៅអឺរ៉ាសៀ៕ ដោយ៖ ឈូក បូរ៉ា

To Top