ព័ត៌មានអន្តរជាតិ

ចិននឹងអនុញ្ញាត ឲ្យអ្នកជំនាញសុខភាព អាមេរិកចូល ស្របពេលវីរុស គ្មានសញ្ញាថយចុះ

បរទេស ៖ ប្រទេសចិន នៅពេលថ្មីៗនេះ បានយល់ព្រមអនុញ្ញាត ឲ្យអ្នកជំនាញសុខភាព សហរដ្ឋអាមេរិក ចូលទៅក្នុង ប្រទេស ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់អង្គការសុខភាពពិភពលោក ជួបប្រយុទ្ធប្រឆាំងកូរ៉ូណាវីរុស ដែលកំពុងតែរីករាលដាលយ៉ាងលឿន ដោយចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតែបន្ត កើនឡើង។

សេតវិមានបាននិយាយ នៅថ្ងៃចន្ទសប្ដាហ៍នេះថា ប្រទេសចិន នាពេលថ្មីៗនេះ បានទទួលយកសំណើរបស់ខ្លួន ឲ្យមានអ្នកជំនាញអាមេរិក នៅក្នុងចំណែកនៃបេសកកម្ម អង្គការសុខភាពពិភពលោក ដើម្បីសិក្សានិង ជួយប្រយុទ្ធប្រឆាំងវីរុស ដែលបានផ្ទុះឡើងនៅក្នុងទីក្រុង វូហាន ខេត្ត Hubei។

គួរបញ្ជាក់ថា ទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា នៅក្នុងខេត្ត Hubei ប្រទេសចិន ជាកន្លែងផ្ទុះរាតត្បាតនៃវីរុសឆ្លងតាមផ្លូវដង្ហើមថ្មី មានករណីឆ្លងវីរុសថ្មីចំនួន២.៣៤៥នាក់ និងអ្នកស្លាប់៦៤នាក់ថែមទៀត នាំឲ្យមានអ្នកស្លាប់បណ្ដាលពីកូរ៉ូណាវីរុសសរុបទាំងអស់ក្នុងខេត្ត Hubei មានចំនួន៤១៤នាក់ គិតត្រឹមថ្ងៃចន្ទ៕
ប្រែសម្រួល៖ប៉ាង កុង

To Top