ព័ត៌មានអន្តរជាតិ

អ្នកស្លាប់ដោយសារ ជំងឺរលាកសួតថ្មីនៅចិន កើនដល់ ៦៣៦នាក់ និងអ្នកឆ្លងមានដល់ទៅជាង ៣ម៉ឺននាក់

បរទេស៖ អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃសុក្រនេះថា ខ្លួនបានទទួលរបាយការណ៍ នៃការឆ្លងវីរុសកូរ៉ូណាវីរុស និងចំនួនអ្នកស្លាប់ចំនួន ៧៣ នាក់កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឱ្យចំនួនអ្នកស្លាប់ ដោយសារជំងឺនេះសរុបកើនដល់ ៦៣៦នាក់ និងអ្នកឆ្លងសរុប ៣១.១៦១ នាក់។

យោងតាមទីភ្នាក់ព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងចំណោមអ្នកស្លាប់មាន ៦៩ នាក់នៅខេត្តហ៊ូប៉ី ។ គណៈកម្មការនេះ បាននិយាយថា មានករណីសង្ស័យថ្មីចំនួន ៤.៨៣៣ ទៀត ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

ដូចគ្នានេះផងដែរ កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំងឺចំនួន ៩៦២ នាក់បានធ្លាក់ខ្លួនឈឺធ្ងន់ ហើយមនុស្សចំនួន ៣៨៧ នាក់ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ។

គណៈកម្មាការបាននិយាយថា ករណីដែលបានបញ្ជាក់ជារួមនៅលើដីគោកចិន បានកើនឡើងដល់ ៣១.១៦១ នាក់នៅចុងថ្ងៃព្រហស្បតិ៍នេះ ដោយកត់សម្គាល់ថា មនុស្សសរុបចំនួន ៦៣៦ នាក់បានស្លាប់ដោយសារជំងឺនេះ។ គណៈកម្មការបានបន្ថែមថា អ្នកជំងឺចំនួន ៤.៨២១ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅឡើយ ហើយមនុស្សចំនួន ២៦.៣៥៩ នាក់ត្រូវបានគេសង្ស័យថា បានឆ្លងវីរុសនេះ។

យ៉ាងណាក៏ដោយ ក៏មានអ្នកជំងឺសរុបចំនួន ១.៥៤០ នាក់ ត្រូវបានគេបញ្ជូនចេញពីមន្ទីរពេទ្យ បន្ទាប់ពីបានជាសះស្បើយ៕ ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top