ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ប្តេជ្ញាបង្កើនសម្ពាធលើលោក ម៉ាឌូរ៉ូ ស្របពេលមេដឹកនាំប្រឆាំង ធ្វើទស្សនកិច្ចសេតវិមាន

បរទេស៖ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ មានគម្រោងបង្កើនបន្ថែម នូវសម្ពាធជាអតិបរិមា លើប្រធានាធិបតី នៃប្រទេសវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ស្របពេល ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើការទទួលមេដឹកនាំ ប្រឆាំងវេណេស៊ុយអេឡា លោក Juan Guaido ដែលទស្សនកិច្ចសេតវិមាន។

មន្ត្រីរដ្ឋបាលអាមេរិកជាន់ខ្ពស់មួយរូប បាននិយាយនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះថា “លោកអ្នកនឹងមើលឃើញ នូវវិធានការដ៏មានឥទ្ធិពលខ្លះៗ ក្នុងរយៈពេល៣០ថ្ងៃបន្ទាប់ ដែលនឹងមានសារសំខាន់ជាខ្លាំង និងធ្វើឲ្យប៉ះពាល់ដល់របបរដ្ឋាភិបាល”។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានដាក់ចេញគោលនយោបាយ ដាក់សម្ពាធអតិបរិមានៃការបង្កើនទណ្ឌកម្ម និងសម្ពាធនយោបាយ លើលោក ម៉ាឌូរ៉ូ ឲ្យចុះចេញពីអំណាច ក្រោយការជាប់ឆ្នោតជាថ្មីរបស់លោក ត្រូវបានគេចាត់ទុកថាខុសច្បាប់ កាលពីចុងឆ្នាំ២០១៨ ហើយនៅដើមឆ្នាំ២០១៩ លោក Guaido ជាប្រមុខរដ្ឋសភាជាតិ បានចាត់ទុករូបលោកខ្លួនឯង ជាប្រធានាធិបតីបណ្ដោះអាសន្ន៕ ប្រែសម្រួល៖ប៉ាង កុង

To Top