ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន បិទសាលារៀន និងផ្អាកជើងហោះហើរ អ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការ ឆ្លងកូរ៉ូណាវីរុស

បរទេស៖ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ បានបិទសាលារៀន នៅក្នុងតំបន់មួយចំនួន និងបានផ្អាកជើងហោះហើរ ដែលទៅនិមកពីប្រទេសអ៊ីរ៉ង់ ដើម្បីប្រឹងប្រែងទប់ស្កាត់ការរីករាលដាលឆ្លងនៃកូរ៉ូណាវីរុសថ្មី ក្រោយបានរាយការណ៍ ពីករណីដំបូងនៃជម្ងឺផ្លូវដង្ហើមថ្មីនេះ។

អាជ្ញាធរបាគីស្ថាន តាមសេចក្តីរាយការណ៍ បានបិទសាលារៀននានា នៅក្នុងខេត្ត Sindh ស្ថិតនៅភាគខាងត្បូងប្រទេស រួមបញ្ចូលទាំងទីក្រុង Karachi ជាទីក្រុងដ៏ធំបំផុតរបស់ ប្រទេសប៉ាគីស្ថាន និងជាទីដែលគេរាយការណ៍ រកឃើញករណីកូរ៉ូណាវីរុស ហើយនិងសាលារៀន នៅក្នុងខេត្ត Baluchistan ដែលស្ថិតនៅភាគនិរតី នៃប្រទេសជាប់ព្រំដែន ប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា ប្រទេសប៉ាគីស្ថាន ដែលមានព្រំដែនជាប់ ជាមួយនឹងប្រទេសចិន និងប្រទេសអ៊ីរ៉ង់ ដែលប្រទេសទាំងពីរសុទ្ធតែ រងការវាយប្រហារដ៏ធ្ងន់ធ្ងរ ពីកូរ៉ូណាវីរុសនោះ បានរាយការណ៍ប្រាប់ពីការរកឃើញករណីឆ្លងកូរ៉ូណា វីរុសដំបូង កាលពីថ្ងៃពុធម្សិលមិញនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top