ព័ត៌មានអន្តរជាតិ

យូអិន៖ រុស្ស៊ីនិងតួកគីអាចនឹង ត្រូវទទួលខុសត្រូវចំពោះ ឧក្រិដ្ឋកម្មសង្គ្រាមនៅស៊ីរី

បរទេស៖ មន្ត្រីស៊ើបអង្កេតអង្គការ សហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីបានសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារតាម អាកាសនៅក្នុងប្រទេសស៊ីរី ចំណែកពួកឧទ្ទាមជាសម្ពន្ធមិត្តតួកគី បានធ្វើការសម្លាប់និងលួចប្លន់ នៅក្នុងតំបន់ពួកឃឺដ ហើយទង្វើទាំងនេះ អាចនឹងត្រូវបានចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឡើងដោយទីក្រុងមូស្គូនិងទីក្រុងអង់ការ៉ា។

របាយការណ៍មួយ ធ្វើឡើដោយគណៈកម្មាធិការអង្គការសហប្រជាជាតិ ដែលគិតចាប់ពីខែកក្កដាឆ្នាំ២០១៩ដល់ខែកុម្ភៈ ឆ្នាំ២០២០ បានរកឃើញថា ប្រទេសរុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាស ទៅលើផ្សារដ៏មានប្រជាប្រិយភាពនិងជំរុំសម្រាប់ពលរដ្ឋភៀសខ្លួនមួយកន្លែង សម្លាប់ជនស៊ីវិលជាច្រើននាក់ កាលពីខែកក្កដានិងខែសីហា។

របាយការណ៍របស់អង្គការសហប្រជាជាតិនោះ បាននិយាយយ៉ាងដូច្នេះថា “នៅក្នុងហេតុការណ៍ទាំងពីរនោះ កងកម្លាំងទ័ពអាកាសរុស្ស៊ី មិនបានដាក់ចេញការវាយប្រហារចំពោះគោលដៅយោធាជាក់លាក់ បង្កឲ្យមានឧក្រិដ្ឋកម្មសង្គ្រាម ដោយវាយប្រហារមិនលើកលែង នៅក្នុងតំបន់ជនស៊ីវិល”៕
ប្រែសម្រួល៖ប៉ាង កុង

To Top