ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីតួកគី ទាមទារឲ្យដកកងទ័ពស៊ីរី

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdoga នៅថ្ងៃចន្ទនេះ បានទាមទារថា កងកម្លាំងរដ្ឋាភិបាលស៊ីរី នៅក្នុងប្រទេសស៊ីរី គួរតែដកថយទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក និងបានបន្ថែមថា ការបាត់បង់របស់ពួកគេ នៅក្នុងការវាយប្រហារធ្វើឡើង ដោយតួកគីនិងកងកម្លាំងពួកឧទ្ទាម ត្រឹមតែជាការចាប់ផ្តើមប៉ុណ្ណោះ។

នៅក្នុងសុន្ទរកថាមួយ ដែលថ្លែងនៅក្នុងទីក្រុងអង់ការ៉ា លោកប្រធានាធិបតីតួកគី តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើពួកគេ មិនដកថយចេញទៅកាន់ខ្សែបន្ទាត់ ដែលតួកគីបានកំណត់ទុក ឲ្យបានលឿនបំផុត តាមដែលអាចទៅរួចទេនោះ ពួកគេនឹងគ្មានក្បាលជាប់លើស្មាទៀតឡើយ។

គួរបញ្ជាក់ថា មន្ត្រីស៊ើបអង្កេតអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ី បានសម្លាប់ជនស៊ីវិល នៅក្នុងការវាយប្រហារ តាមអាកាសនៅក្នុងប្រទេសស៊ីរី ចំណែកពួកឧទ្ទាមជាសម្ព័ន្ធមិត្តតួកគី បានធ្វើការសម្លាប់និងលួចប្លន់ នៅក្នុងតំបន់ពួកឃឺដ ហើយទង្វើទាំងនេះ អាចនឹងត្រូវបានចាត់ទុកថា ជាឧក្រិដ្ឋកម្មសង្គ្រាម ធ្វើឡើងដោយទីក្រុងមូស្គូនិងទីក្រុងអង់ការ៉ា៕ ប្រែសម្រួល៖ប៉ាង កុង

To Top