ព័ត៌មានអន្តរជាតិ

តួកគី សម្លាប់កងទ័ពស៊ីរី ជាង២០នាក់ ស្របពេល ចុះហត្ថលេខា លើបទឈប់បាញ់គ្នា ជាមួយរុស្ស៊ី

បរទេស៖ ក្រសួងការពារជាតិតួកគី នៅពេលថ្មីៗនេះ បាននិយាយថា ការវាយប្រហារ ដោយកូនយន្តហោះ គ្មានមនុស្សបើក នៅក្នុងតំបន់ Idlib បានសម្លាប់ទាហានស៊ីរី ចំនួន២១នាក់ នៅក្នុងការប្រយុទ្ធគ្នាមួយ ស្របពេលដែល ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បានប្រកាសបទឈប់បាញ់គ្នាមួយ នៅក្នុងតំបន់។

ប្រទេសតួកគី តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ការវាយប្រហារនោះ គឺជាការសងសឹក ចំពោះការវាយប្រហារ របស់ស៊ីរីមួយ ដែលបានសម្លាប់ ទាហានតួកគីមួយរូប។ តួកគីបានបង្កើន ការវាយប្រហាររបស់ខ្លួន ទៅលើកងកម្លាំងស៊ីរី គាំទ្រដោយរុស្ស៊ី នៅថ្ងៃអាទិត្យសប្ដាហ៍មុន បន្ទាប់ពីការវាយប្រហារ តាមអាកាសស៊ីរី បានសម្លាប់ទាហានតួកគី ៣៤នាក់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រៅពីនោះ ក្រសួងការពារជាតិតួកគី ក៏បាននិយាយប្រាប់ផងដែរថា ខ្លួនបានកម្ទេចកាំភ្លើងធំស៊ីរី ចំនួនពីរ និងប្រព័ន្ធបាញ់មីស៊ីលស៊ីរី ចំនួនពីរផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង

To Top