ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង បាគីស្ថាន ធ្លាក់ក្នុងអំឡុងពេល សមធ្វើព្យុហយាត្រា ស្លាប់ពីឡុត

បរទេស៖ មន្ត្រីយោធាប៉ាគីស្ថាន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា នៅថ្ងៃពុធនេះ ពីឡុតកងកម្លាំងទ័ពអាកាសប៉ាគីស្ថានមួយរូប បានស្លាប់បាត់បង់ជីវិត នៅពេលដែលយន្តហោះចម្បាំង F-16 បានជួបគ្រោះថ្នាក់ធ្លាក់ ក្នុងអំឡុងពេលហាត់សម សម្រាប់ព្យុហយាត្រា នាពេលខាងមុខ នៅទីក្រុងអ៊ីស្លាម៉ាបា ។

យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅពេលយន្តហោះធ្លាក់នោះ ពីឡុតដែលគេស្គាល់អត្តសញ្ញាណថា ជាមេបញ្ជាការ លោក Noman Akram គឺកំពុងតែអនុវត្តហ្វឹកហាត់ សម្រាប់ពិធីព្យុហយាត្រា ទិវាសាធារណរដ្ឋ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែមីនា។

ចំណែកកងទ័ពអាកាសប៉ាគីស្ថាន បាននិយាយប្រាប់ថា ក្រុមអ្នកស៊ើបអង្កេត នឹងធ្វើការបេសកកម្មស៊ើបអង្កេត ចំពោះមូលហេតុ បណ្ដាលឲ្យមានគ្រោះថ្នាក់នេះ ហើយគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ គឺជាគ្រោះថ្នាក់លើទី៤នៅក្នុងឆ្នាំនេះ ពាក់ព័ន្ធនឹងយន្តហោះយោធាប៉ាគីស្ថាន ក្នុងអំឡុងពេលបំពេញបេសកកម្ម ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×