ព័ត៌មានអន្តរជាតិ

ចិនថា ខ្លួនមានឆន្ទៈក្នុងការធ្វើឱ្យអស់ពី សមត្ថភាពដើម្បីជួយប្រទេសហ្វីលីពីន ប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាងយី បានជួបសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីនលោក Teodoro Locsin កាលពីថ្ងៃអាទិត្យ (១៥ មីនា) ដោយនិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យអស់ពីសមត្ថភាពដើម្បីជួយប្រទេសហ្វីលីពីនប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ។

យោងតាមសារព័ត៌មាន The Star ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្នុងនាមភាគីហ្វីលីពីន លោក Locsin បានរំលឹកឡើងវិញនូវការគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះការប្រយុទ្ធរបស់ចិន ប្រឆាំងនឹងជំងឺ Covid-19 ហើយក៏បានអបអរសាទរប្រទេសចិនផងដែរចំពោះសមិទ្ធិផលសំខាន់ៗរបស់ខ្លួន។

លោកបាននិយាយថា ភាគីហ្វីលីពីនតែងតែមានជំនឿយ៉ាងមុតមាំថា ប្រទេសចិននឹងជៀសផុតពីការឆ្លងរាលដាលដោយជោគជ័យពីព្រោះបក្សកុម្មុយនិស្តចិនតែងតែដឹកនាំប្រជាជនចិនឆ្លងកាត់ការលំបាក និងម្តងហើយម្តងទៀត នៅក្នុងប្រវត្តិសាស្ត្រ។

ដោយកត់សម្គាល់ថាពេលនេះ ហ្វីលីពីនកំពុងស្ថិតក្នុងពេលវេលាដ៏លំបាកមួយដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះហើយកំពុងប្រឈមនឹងកង្វះខាតគ្រឿងផ្គត់ផ្គង់និងបរិក្ខាពេទ្យនានា។ លោក Locsin បានសម្តែងក្តីសង្ឃឹមថាប្រទេសចិននឹងផ្តល់ជំនួយនិងពិចារណាយ៉ាងសកម្មក្នុងការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ប្រទេសហ្វីលីពីន។

លោកបានបន្ថែមថា ភាគីហ្វីលីពីនដឹងច្បាស់ថាប្រទេសចិនគឺជាប្រទេសធំមួយដែលមានឆន្ទៈជួយប្រទេសជិតខាងឱ្យរីកចម្រើនខណៈពេលឆ្ពោះទៅរកភាពរុងរឿងរបស់ខ្លួន។

ដោយកត់សម្គាល់ថាប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះលោកវ៉ាងបានសំដែងការអាណិតអាសូរយ៉ាងស្មោះស្ម័គ្រដល់ប្រជាជនហ្វីលីពីននិងបាននិយាយថា ប្រទេសចិនកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការវិវត្តនៃស្ថានភាពរាតត្បាតនៅក្នុងប្រទេសហ្វីលីពីន៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top