ព័ត៌មានអន្តរជាតិ

ប៉េកាំងប្រាប់រដ្ឋមន្ត្រីការបរទេស អាមេរិកថា វាគ្មានប្រយោជន៍ទេ ក្នុងការលាបពណ៌ប្រទេសចិន ជុំវិញបញ្ហាវីរុស

បរទេស៖មន្ត្រីការទូតជាន់ខ្ពស់ចិន លោក Yang Jiechi នៅពេលថ្មីៗនេះ បាននិយាយប្រាប់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo តាមទូរស័ព្ទថា ការប៉ុនប៉ងធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការគ្រប់គ្រងកូរ៉ូណាវីរុស នឹងមិនជោគជ័យនោះឡើយ។

យោងតាមសេចក្តីរាយការណ៍ ពីទូរទស្សន៍ CCTV បានឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាគ្នាតាមទូរស័ព្ទនោះ លោក Yang Jiechi បាននិយាយប្រាប់លោក Mike Pompeo ថា ប្រទេសចិនប្រឆាំងនិងថ្កោលទោសកិច្ចប្រឹងប្រែងអ្នកនយោបាយ សហរដ្ឋអាមេរិក និយាយបង្កាច់បង្ខូចកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន។

យោងតាមសេចក្តីរាយការណ៍ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីការទូតជាន់ខ្ពស់ របស់ប្រទេសចិនរូបនេះ ក៏បាននិយាយបន្ថែមទៀតផងដែរថា ទង្វើដែលធ្វើឲ្យប៉ះពាល់ដល់ ផលប្រយោជន៍របស់ប្រទេសចិន នឹងត្រូវបានសងសឹកវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top