ព័ត៌មានអន្តរជាតិ

ឧបករណ៍ធ្វើតេស្ត រកមេរោគកូវីដ១៩ ផលិតដោយកូរ៉េខាងត្បូង ចាប់ផ្តើមលក់នៅលើទីផ្សារបរទេស

បរទេស៖ ប្រភពពីផ្នែកឧស្សាហកម្ម បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនផលិតជីវបច្ចេកវិទ្យា របស់ប្រទេសកូរ៉េខាងត្បូង កំពុងនាំចេញឧបករណ៍ ធ្វើតេស្តិ៍មេរោគឆ្លងថ្មីរបស់ពួកគេ ខណៈដែលប្រទេសនានា ព្យាយាមទប់ស្កាត់ការរីករាលដាល យ៉ាងឆាប់រហ័ស ដោយការដាក់ប្រជាជន ឱ្យនៅដាច់ដោយឡែក។

យោងតាមសារព័ត៌មាន Yonhap News ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមហ៊ុន Seegene, Kogene Biotech, Solgent, SD Biosensor និងក្រុមហ៊ុនដទៃទៀត សុទ្ធតែបានទទួលការអនុញ្ញាត ពីក្រសួងសុវត្ថិភាពចំណីអាហារ និងគ្រឿងញៀន (MFDS) ក្នុងការលក់ផលិតផលរបស់ពួកគេ នៅប្រទេសកូរ៉េខាងត្បូង ក៏ដូចជានៅទីផ្សារបរទេស។

ផលិតផលដែលទទួលបាន ការអនុញ្ញាតភាគច្រើន ប្រើប្រតិកម្មខ្សែសង្វាក់ Polymerase តាមពេលវេលាជាក់ស្តែង (RT-PCR) ដែលត្រូវបានគេប្រើ យ៉ាងទូលំទូលាយ ដើម្បីរកឃើញការឆ្លងមេរោគ កូវីដ -១៩ ដោយឧបករណ៍នេះ ត្រូវបានគេវាយតម្លៃថា អាចទុកចិត្តបាននិងមានភាពត្រឹមត្រូវ។

នៅកូរ៉េខាងត្បូង ឧបករណ៍ធ្វើតេស្តមេរោគត្រូវបានប្រើ ដើម្បីត្រួតពិនិត្យមនុស្សចំនួន ២៨៦.៧១៦ នាក់ ចាប់តាំងពីថ្ងៃទី ៣ ខែមករា ដោយការប្រើប្រាស់បានលោតឡើង ចាប់តាំងពីខែកុម្ភៈ បន្ទាប់ពីអាជ្ញាធរសុខាភិបាលក្នុងតំបន់ បានផ្តល់ការអនុញ្ញាតជាបន្ទាន់ សម្រាប់ឧបករណ៍ធ្វើរោគវិនិច្ឆ័យ៕ ប្រែសម្រួលៈ ណៃ តុលា

To Top