ព័ត៌មានអន្តរជាតិ

យោធាអាមេរិក ចោទកូរ៉េខាងជើងថា កំពុងលាក់បាំង អំពីការឆ្លងមេរោគកូវីដ១៩

បរទេស៖ ប្រទេសកូរ៉េខាងជើង ដែលទំនាក់ទំនងជាមួយពិភពខាងក្រៅ នៅមានកម្រិត ទោះបីស្ថិតក្នុងស្ថានភាព ធម្មតា ក៏ដោយ ក៏ជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេ ដែលបានដាក់ចេញនូវការ ត្រួតពិនិត្យនិងវិធានការ ដាច់ខាតលុបចោលដំណើរ របស់ភ្ញៀវទេសចរ ការកាត់ជើងហោះហើរ និងការធ្វើដំណើរតាមផ្លូវដែក និងការដាក់កម្មករទាំងអស់ ដែលត្រឡប់មកពីបរទេស ឱ្យនៅដាច់ដោយឡែក ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ជិត ៣ ខែនៃការផ្ទុះឡើងនៃជំងឺកូវីដ – ១៩ មន្ត្រីសុខាភិបាលកូរ៉េខាងជើងអះអាងថា ប្រទេសនេះគ្មានករណីឆ្លងមេរោគនេះឡើយ ។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ បានរាយការណ៍ កាលពីសប្តាហ៍មុនថា វាមិនមានករណី នៃការឆ្លងមេរោគកូវីដ ១៩ នៅក្នុងប្រទេសកូរ៉េ ខាងជើងនោះទេ ប៉ុន្តែបានជំរុញ ឱ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ។ ទីភ្នាក់ងារនេះបានរាយការណ៍ថា ប្រទេសនេះបានអនុវត្ត“ វិធានការប្រឆាំងនឹង ការរីករាលដាលនៃជំងឺរាតត្បាត” យ៉ាងតឹងរឹងដើម្បីពង្រឹងការឆ្លើយតបនឹងមេរោគឆ្លង រួមមានការរឹតបន្តឹងការត្រួតពិនិត្យ និងការដាក់ឱ្យនៅ ដាច់ពីការនាំចូលពីបរទេស ។ វិធានការនេះត្រូវបានគេនិយាយថា រួមមានការត្រួតពិនិត្យនិងការបោសសំអាតយានយន្ត នាវា និងទំនិញគ្រប់ជ្រុងជ្រោយ និងការចូលប្រទេស ត្រូវដាក់ឱ្យនៅដោយឡែករយៈពេល ១០ ថ្ងៃ។

អង្គការសុខភាពពិភពលោក ក៏បានបង្ហាញផងដែរថា ខ្លួនមិនបានដឹងអំពីករណីណាមួយនៃវីរុសកូវីដ១៩នេះ នៅក្នុងប្រទេសឯកោមួយនេះនោះទេ ទោះបីជាអង្គការនេះ មានគម្រោងបញ្ជូនឧបករណ៍ និងគ្រឿងផ្គត់ផ្គង់ ដើម្បីជួយដល់ទីក្រុងព្យុងយ៉ាងក្នុងការប្រយុទ្ធជាមួយមេរោគកូវីដ១៩ ក៏ដោយ។ កន្លងមកប្រទេសកូរ៉េខាងជើង បានស្នើសុំដល់អង្គការ សុខភាពពិភពលោកសម្រាប់ជំនួយសម្ភារៈ រួមមាន អាវការពារ ស្រោមដៃ ជាដើម។

ទោះយ៉ាងណាមន្រ្តីអាមេរិកជឿថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ដែលចាំបាច់ត្រូវរាយការណ៍ អំពីការករណីគ្មានការផ្ទុះឡើងនៃវីរុសឆ្លង ដែលជាផ្នែកមួយនៃកាតព្វកិច្ចសមាជិកភាព របស់អង្គការសុខភាពពិភពលោក គឺប្រទេសកំពុងនិយាយកុហក។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាន កាលពីសប្តាហ៍មុន មេបញ្ជាការកងទ័ពអាមេរិក លោកឧត្តមសេនីយ៍ Robert Abramsបាននិយាយថា មន្ទីរបញ្ចកោណពិតជាមានភាពប្រាកដប្រជាថា ប្រទេសនេះមានករណីឆ្លងវីរុសនេះ ដោយសារកង្វះសកម្មភាពយោធា គួរឱ្យកត់សម្គាល់ ។ យោងតាមមេបញ្ជាការអាមេរិក គឺយោធាកូរ៉េខាងជើង ទើបតែចាប់ផ្តើមការបណ្តុះបណ្តាលឡើងវិញ បន្ទាប់ពីការជាប់គាំងរយៈពេលមួយខែ។

ចំណែកលោក Keith Luse នាយកប្រតិបត្តិនៃគណៈកម្មាធិការជាតិ កូរ៉េខាងជើងដែលជាក្រុមអ្នកជំនាញមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា វាពិបាកនឹងស្រមៃថា កូរ៉េខាងជើងអាចគេច ពីគ្រាប់កាំភ្លើងដែលជាមេរោគកូវីដ -១៩ នេះណាស់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top