ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ី នឹងដាក់ពង្រាយកងទ័ព ដើម្បីជួយដល់ការទប់ស្កាត់ កូរ៉ូណាវីរុស

បរទេស៖ រដ្ឋាភិបាលម៉ាឡេស៊ី បាននិយាយថា ប្រទេសម៉ាឡេស៊ី នឹងដាក់ពង្រាយកងទ័ព ចាប់ពីថ្ងៃអាទិត្យតទៅ ដើម្បីជួយពង្រឹង ទប់ស្កាត់ការធ្វើដំណើរ ក្នុងគោលដៅបញ្ឈប់ ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស ស្របពេលដែលប្រទេសនេះ មានករីណឆ្លងវីរុសកូវីដ១៩ខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ចាប់តាំងពីថ្ងៃពុធមក ប្រទេសមាឡេស៊ី បានបិទច្រកព្រំដែន សាលារៀន និងជំនួញមិនសំខាន់នានា និងបានជំរុញប្រជាជន ឲ្យសម្រាកនៅផ្ទះ ដោយធ្វើការព្រមាន ពីការផ្ទុះឆ្លងខ្លាំងក្លានៃកូរ៉ូណាវីរុស ប្រសិនបើការទប់ស្កាត់នេះ មិនត្រូវបានគេអនុវត្តតាម ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយនៅថ្ងៃសុក្រ្នេះថា ប្រជាជននៅតែបន្ត ទៅភោជនីយដ្ឋាននិងសួនច្បារនានា បើទោះជាមានការហាមឃាត់ បែបនេះក៏ដោយ។

យោងតាមប្រភពព័ត៌មាន ពីកាសែត Yahoo News នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី បាននិយាយប្រាប់ សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “កងទ័ពនឹងចាប់ផ្តើមពង្រាយចល័ត នៅថ្ងៃអាទិត្យ ហើយយើងមានទំនុកចិត្តជឿជាក់ ចំពោះការជួយរបស់កងទ័ព គឺយើងនឹងមានភាពប្រសើរឡើង ចំពោះការពង្រឹងអនុវត្តបទបញ្ជានេះ”៕ ប្រែសម្រួល៖ប៉ាងកុង

To Top