ព័ត៌មានអន្តរជាតិ

កម្មករកាត់ដេរ ៤០លាននាក់ ប្រឈមនឹងភាពក្រីក្រខ្លាំង ដោយសាររោងចក្របិទទ្វារ ព្រោះតែជំងឺកូវីដ១៩

បរទេស៖ ឧស្សាហកម្មម៉ូដ កំពុងប្រឈមមុខ នឹងការអំពាវនាវឱ្យចូលរួម និងការពារ ប្រាក់ឈ្នួល របស់កម្មករកាត់ដេរចំនួន ៤០ លាននាក់ នៅក្នុងបណ្តាញផ្គត់ផ្គង់ របស់ពួកគេនៅជុំវិញពិភពលោក ដែលពួកគេប្រឈម នឹងភាពក្រីក្រខ្លាំង ខណៈដែលរោងចក្របានបិទទ្វារ ហើយការបញ្ជាទិញ ត្រូវកាត់បន្ថយ ដោយសារតែការរីករាលដាល នៃជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា រោងចក្រជាច្រើន នៅក្នុងប្រទេសផលិតសម្លៀកបំពាក់ រួមមានប្រទេស បង់ក្លាដែស កម្ពុជា និងវៀតណាម បានបិទទ្វាររួចហើយ ដោយសារកង្វះខាត វត្ថុធាតុដើមមកពីប្រទេសចិន និងការបញ្ជាទិញធ្លាក់ចុះ ពីម៉ាកសម្លៀកបំពាក់លោកខាងលិច។

វិធានការដាច់ដោយឡែក និងភាពឯកា ដែលត្រូវបានដាក់ចេញ យ៉ាងឆាប់រហ័ស ដោយរដ្ឋាភិបាលនៅទូទាំងពិភពលោក ទំនងជានឹងមានការបិទទ្វាររោងចក្រ រាប់ពាន់បន្ថែមទៀតនៅថ្ងៃក្រោយ និងសប្តាហ៍ខាងមុខនេះ។

ក្រុមអ្នកធ្វើយុទ្ធនាការ កំពុងទាមទារឱ្យក្រុមហ៊ុនម៉ាក ទទួលខុសត្រូវ ចំពោះកម្មកររាប់លាននាក់ នៅក្នុងបណ្តាញផ្គត់ផ្គង់របស់ពួកគេ ដែលទំនងជាធ្លាក់ចូលក្នុងភាពក្រីក្រ ដោយសារពួកគេ បាត់បង់ការងារ និងការតស៊ូផ្គត់ផ្គង់គ្រួសារ។

ផ្ទាំងពាណិជ្ជកម្ម

យុទ្ធនាការសម្លៀកបំពាក់ស្អាត , ក្រុមយុទ្ធនាការចម្រុះ ក៏កំពុងអំពាវនាវ ដល់ក្រុមហ៊ុនម៉ាក ដើម្បីធានាថា កម្មករដែលឆ្លងវីរុសនេះ ត្រូវបានអនុញ្ញាតសម្រាប់ច្បាប់ ឈប់សម្រាកឈឺ ដោយមិនមានប្រតិកម្ម ពីខាងរោងចក្រ និងបន្តទទួលបានប្រាក់ឈ្នួល របស់ពួកគេពេញមួយ រយៈពេលនៃភាពដាក់ឱ្យនៅដោយឡែក។

លោក Scott Nova នាយកប្រតិបត្តិនៅអង្គការសិទ្ធិកម្មករ ដែលជាផ្នែកមួយ នៃយុទ្ធនាការសម្លៀកបំពាក់ស្អាត បាននិយាយថា ប្រាក់ឈ្នួលភាពក្រីក្រ កន្លែងធ្វើការ មិនមានសុវត្ថិភាពនិងអនាម័យ និងសុខភាពមិនល្អ បានធ្វើឱ្យកម្មករកាត់ដេរ ងាយរងគ្រោះយ៉ាងខ្លាំង ពីផលប៉ះពាល់អាក្រក់បំផុត នៃវីរុស កូវីដ១៩ ។

លោកបានមានប្រសាសន៍ថា «ឧស្សាហកម្មម៉ូដ បានវិវត្តតាមរបៀបមួយ ដែលធ្វើឱ្យមានការលំបាក ក្នុងពេលវេលាធម្មតា សម្រាប់ប្រជាជន ដែលពិតជាបាន ដេរស្លៀកសម្លៀកបំពាក់ ដែលយើងពាក់រាល់ថ្ងៃនោះ ដើម្បីពួកគេរស់ដោយផ្អែក លើប្រាក់ឈ្នួលសម្រាប់ភាពក្រីក្រ ដែលពួកគេបានបង់” ៕ ប្រែសម្រួលៈ ណៃ តុលា

To Top
×