ព័ត៌មានអន្តរជាតិ

ក្រុមកូរ៉េខាងត្បូង៖ ទណ្ឌកម្មលើ កូរ៉េខាងជើង ចាំបាច់ត្រូវតែ បន្ធូរបន្ថយ

បរទេស៖ក្រុមកូរ៉េខាងត្បូងមួយ នៅថ្ងៃសុក្រម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ទណ្ឌកម្មដែលដាក់លើប្រទេសកូរ៉េខាងជើង គួរតែត្រូវបានបន្ធូរបន្ថយ ក្នុងគោលបំណងឲ្យប្រទេសកុម្មុយនិស្តឯកោមួយនេះ ប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា។

គណៈកម្មាធិការកូរ៉េខាងត្បូងទទួលបន្ទុកផ្នែកអនុវត្តរួមគ្នាលើសេចក្តីប្រកាសរួមទី១៥ខែមិថុនា បាននិយាយប្រាប់ថា ទណ្ឌកម្មអន្តរជាតិនិងទណ្ឌកម្មសហរដ្ឋអាមេរិក ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង គួរតែត្រូវបានព្យួរចោលភ្លាមៗ ក្នុងដំណើរឆ្លើយតបទៅនឹងការផ្ទុះឆ្លងនៃមេរោគថ្មី។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានអះអាងថា គ្មានករណីកូវីដ១៩ នៅក្នុងប្រទេសទេ ប៉ុន្តែប្រទេសនេះ ក៏បានទទួលយកគ្រឿងបរិក្ខារប្រឆាំងវីរុសនិងសម្ភារៈពេទ្យ ពីអង្គការក្រៅរដ្ឋាភិបាលផងដែរ ហើយអង្គការណាមួយ ដែលចង់បរិច្ចាគគ្រឿងផ្គត់ផ្គង់ឲ្យទៅកូរ៉េខាងជើង ត្រូវតែធ្វើការពិនិត្យមើលជាមួយរដ្ឋាភិបាលរបស់ខ្លួន និងទីភ្នាក់ងារអង្គការសហប្រជាជាតិនានា មុនពេលបញ្ជូនសម្ភារៈផ្គត់ផ្គង់ទៅឲ្យ៕ ប្រែសម្រួល៖ប៉ាង កុង

To Top