ព័ត៌មានអន្តរជាតិ

ចិនច្រានចោល បទចោទប្រកាន់របស់អាមេរិក ដែលថាចិនកំពុងតេស្តអាវុធនុយក្លេអ៊ែ

បរទេស៖ ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានច្រានចោល ការចោទប្រកាន់ ក្នុងរបាយការណ៍ ក្រសួងការបរទេសអាមេរិក ដែលថា ចិនកំពុងធ្វើតេស្តអាវុធនុយក្លេអ៊ែ ដោយសម្ងាត់ ជាការបំពាន ទៅនឹងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែតមួយថា ការចោទប្រកាន់ស្តីពីការ ធ្វើតេស្តអាវុធនុយក្លេអ៊ែចិន នៅក្នុងរបាយការណ៍ ស្តីពីការអនុវត្តនុយក្លេអ៊ែ របស់ក្រសួងការបរទេសអាមេរិកនោះ គឺជាការចោទប្រកាន់ គ្មានមូលដ្ឋានទាំងស្រុង។

លោក Zhao Lijian បាននិយាយយ៉ាងដូច្នេះថា “ប្រទេសចិន តែងតែអនុវត្តកាតព្វកិច្ច និងការប្តេជ្ញាអន្តរជាតិរបស់ខ្លួន យ៉ាងមានទំនួលខុសត្រូវ ប្រកាន់ខ្ជាប់ខ្ជួននូវពហុភាគីនិយម និងធ្វើយ៉ាងសកម្ម នូវសហប្រតិបត្តិការអន្តរជាតិ។
ការចោទប្រកាន់របស់អាមេរិក ចំពោះប្រទេសចិន គឺត្រូវបានបង្កើតឡើង ដោយគ្មានមូលដ្ឋាន និងមិនសមហេតុផលទាល់តែសោះ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top