ព័ត៌មានអន្តរជាតិ

ក្រុងតូក្យូ មានអ្នកឆ្លងជំងឺកូវីដថ្មី ចំនួន ២០១នាក់ នាំឲ្យតួលេខសរុប នៃអ្នកឆ្លងរោគដល់ទៅ ជាង២.៧០០ករណី

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ថា ប្រព័ន្ធផ្សព្វផ្សាយព័ត៌ មានក្នុងស្រុកបានរាយការណ៍មកថា ក្រុងតូក្យូ បានបញ្ជាក់ថា មានអ្នកឆ្លងជំងឺកូវីដ១៩ដែលជាករណីថ្មីចំនួន ២០១នាក់ គិតត្រឹមរសៀលថ្ងៃសុក្រនេះ ដែលនាំឲ្យចំនួននៃអ្នកឆ្លងជំងឺកូវីដ១៩មានរហូតដល់២.៧៩៦នាក់ នៅរដ្ឋធានីជប៉ុន ។

វាជាការកើនឡើងដំបូង ហើយសម្រាប់ការកើនឡើងប្រចាំថ្ងៃ នៅក្នុងក្រុងតូក្យូ ដែលមានចំនួនលើស២០០នាក់ ហើយករណីនេះបានកើតឡើងមួយថ្ងៃ ក្រោយពីលោក ស៊ីនហ្ស៊ូ អាបេ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសដាក់រដ្ឋ ស្ថិតក្នុងគ្រាអាសន្ន ដោយហាមប្រាមដល់ការចេញចូលក្នុងខេត្តទាំង៧ ខណៈដែលជប៉ុន បានព្យាយាមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ។

នៅព្រឹកថ្ងៃសុក្រនេះ រដ្ឋាភិបាលជប៉ុន បានចាប់ផ្តើមដឹកជញ្ជូន ម៉ាស់ក្រណាត់ ចែកជូនដល់ពលរដ្ឋនៅតាមផ្ទះ នៅក្នុងប្រទេស ដែល កំពុងជួបនឹងបញ្ហាខ្វះខាត ម៉ាស់ប្រើប្រាស់ ។

ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលជប៉ុន បានបំពាក់ឧបករណ៍ សម្រាប់ធ្វើការ ទំនាក់ទំនងអំពីព័ត៌មាន នៃការឆ្លងជំងឺកូវីដ ១៩ ដែលមានចំនួន១៤សាភា ក្នុងគោលបំណងដើម្បីគាំទ្រ ដល់ឆ្លើយតបទៅនឹង បញ្ហាដែលនឹងកើតមានឡើង ក្នុងចំណោមជនបរទេស ដែលបានស្នាក់នៅអាស្រ័យក្នុង ប្រទេសជប៉ុន ដែលស្ថិតក្រោមការដាក់រដ្ឋក្នុងគ្រាមាន អាសន្ន ។

គួរបញ្ជាក់ថា ជប៉ុន មានអ្នកឆ្លងជំងឺសរុបចំនួន៩.៣២៧នាក់ គិតត្រឹមល្ងាចថ្ងៃសុក្រនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top