ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធគ្នានៅតែបន្ត ក្នុងប្រទេសយេម៉ែន បើទោះជាមានបទឈប់បាញ់គ្នា និងការផ្ទុះឆ្លងនៃវីរុសកូរ៉ូណា

បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានធ្វើការព្រមានថា កងកម្លាំងដែលកំពុងតែប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន នៅតែបន្តធ្វើការវាយប្រហារគ្នា បើទោះជាមានបទឈប់បាញ់គ្នា និងប្រទេសប្រឈមមុខ ទៅនឹងការគម្រាមកំហែង ពីការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ក៏ដោយ។

ប្រេសិតអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសយេម៉ែន លោក Martin Griffiths បានប្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខថា ការប្រយុទ្ធគ្នានៅតែបន្តកើតមាន ក្នុងតំបន់មួយចំនួន ក្រោយពីកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត ដែលគាំទ្ររដ្ឋាភិបាលយេម៉ែន ក្នុងជម្លោះ បានប្រកាសបទឈប់បាញ់គ្នា រយៈពេល២សប្ដាហ៍ កាលពីថ្ងៃទី០៨ ខែមេសាក៏ដោយ។

លោក Martin Griffiths បានមានប្រសាសន៍ថា ការផ្អាកប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន គឺជារឿងចាំបាច់ដ៏ពិសេស ក្រោយពីប្រទេសនេះ បានរាយការណ៍ពីករណី ឆ្លងវីរុសកូរ៉ូណាដំបូង កាលពីថ្ងៃទី១០ ខែមេសា គឺយេម៉ែនមិនអាចប្រឈមមុខនឹងរឿងពីរ គឺសង្គ្រាមនិងការផ្ទុះឆ្លងមេរោគ ក្នុងពេលតែមួយបានទេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top