ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងរុស្សី មួយគ្រឿង ហោះពីលើយន្តហោះយកការណ៍អាមេរិក ត្រឹម៧ម៉ែត្រក្នុង ដែនអាកាសអន្តរជាតិ

បរទេស៖ កាលពីថ្ងៃពុធយន្តហោះ ស៊ើបការណ៍មួយគ្រឿងរបស់អាមេរិក ដែលបាននឹងកំពុងហោះហើរ លើដែនអាកាសអន្តរជាតិក្បែរ ទៅនឹងសមុទ្រមេឌីទែរ៉ាណេ ត្រូវបានរងការរំខានដោយយន្តហោះចម្បាំង មួយគ្រឿងទៀតរបស់រុស្សី។

ការអះអាង ដែលត្រូវបានធ្វើឡើង ដោយកងកម្លាំងជើងទឹកអាមេរិក នៅថ្ងៃសុក្រនេះហើយ បានបញ្ជាក់ទៀតថា យន្តហោះចម្បាំងរបស់រុស្សី ប្រភេទSU-35 បានធ្វើការហោះហើរ ពីលើយន្តហោះស៊ើបការណ៍ អាមេរិកប្រភេទP-8A Poseidon ក្នុងចំងាយត្រឹមតែ ៧ម៉ែត្រប៉ុណ្ណោះ ជាមួយនឹងល្បឿនលឿន ហើយគ្រោះថ្នាក់បំផុត។

គួរបញ្ជាក់ដែរថា នេះមិនមែន ជាលើកទី១នោះទេ ដែលហេតុការណ៍ស្រដៀងគ្នានេះ បានកើតឡើង ដោយកាលពីខែមិថុនា កន្លងទៅយន្តហោះ របស់អាមេរិក ដែលហោះហើរលើ ដែនសមុទ្រមេឌីទែរ៉ាណេ ក៏ធ្លាប់ត្រូវបានរងការរំខាន ដល់ទៅ៣ដងផងដែរ ពីយន្តហោះចម្បាំងរបស់រុស្សី៕

ប្រែសម្រួល៖ស៊ុនលី

To Top