ព័ត៌មានអន្តរជាតិ

IMF៖ កិច្ចការងារសហការគ្នា និងសកម្មភាពសំខាន់ របស់អន្តរជាតិ នឹងត្រូវតែបន្ត ដើម្បីសកលលោកអាច ងើបចេញពីជំងឺរាតត្បាតនេះ

បរទេស៖ មន្ត្រីនៃមូលនិធិ រូបិយវត្ថុអន្តរជាតិ ហៅកាត់ថាIMF នៅថ្ងៃនេះបានលើកឡើងថា ខណៈនេះអាជ្ញាធរ គួរតែប្រកាន់យក គោលនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុ ឲ្យបានច្បាស់លាស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ដោយសារកូវីដ១៩ ហើយក្នុងពេលជាមួយគ្នា ការសម្របសម្រួលសកម្មភាព ពីអន្តរជាតិ ក៏គួរតែត្រូវបន្ត ពីព្រោះថាវាមានសារៈសំខាន់ណាស់ ក្នុងការជួយដល់ប្រទេស ងាយរងគ្រោះដើម្បីទទួលបាន ទីផ្សារឡើងវិញ និងជៀសផុតពីបញ្ហាហិរញ្ញវត្ថុ ។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី១៩ ខែមេសានេះបានដកស្រង់សម្តី របស់អនុប្រធាន IMF លោក Zhang Tao ថានៅពេលដែលប្រទេស ទាំងឡាយកំពុងអនុវត្តការដាក់ឱ្យនៅដាច់ពីគ្នា ដើម្បីគេចចេញពី រោគរាតត្បាតនោះ ពិភពលោកត្រូវបាន បិទស្ទើរគ្រប់ទីកន្លែង។ ទំហំនិងល្បឿន នៃការដួលរលំសេដ្ឋកិច្ច នៅក្នុងសកម្មភាព ដែលបានអនុវត្តទាំងនោះ បានក្លាយទៅជារឿង ដែលយើងមិនធ្លាប់ឃើញនៅក្នុងជីវិត។

គួរឲ្យដឹងដែរថាយោងតាម របាយការណ៍ចុងក្រោយ នៃការព្យាករណ៍សេដ្ឋកិច្ច ពិភពលោករបស់ IMF បានបញ្ជាក់ថា សេដ្ឋកិច្ចពិភពលោក ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះយ៉ាងខ្លាំងដល់ទៅ ៣ ភាគរយនៅឆ្នាំនេះ ដែលជាលទ្ធផល បណ្តាលមកពីការរាតត្បាតកូវីដ១៩ និងក្លាយទៅជា វិបត្តិ ដ៏អាក្រក់បំផុតចាប់តាំង ពីវិបត្តិសេដ្ឋកិច្ចដ៏ខ្លាំង ក្នុងទសវត្សឆ្នាំ ១៩៣០ ៕

ប្រែសម្រួល៖ស៊ុនលី

To Top