ព័ត៌មានអន្តរជាតិ

កងកម្លាំង ការពារ បដិវត្តន៍ អ៊ីរ៉ង់ និយាយថា បានបង្កើន ប្រតិបត្តិការល្បាត តំបន់ឈូងសមុទ្រ

បរទេស៖កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ នៅពេលថ្មីៗនេះ បានធ្វើការព្រមានសហរដ្ឋអាមេរិក ស្តីពីសកម្មភាពយោធានៅក្នុងតំបន់ឈូងសមុទ្រ និងបានបន្ថែមថា កងទ័ពជើងទឹកអ៊ីរ៉ង់ ជាលទ្ធផល បានបង្កើនប្រតិបត្តិការល្បាតរបស់ខ្លួន ដែលក៏នឹងរក្សាសន្តិសុខដល់ការធ្វើដំណើររបស់នាវាអ៊ីរ៉ង់ និងប្រយុទ្ធប្រឆាំងចំពោះការរត់ពន្ធប្រេង។

កាលពីថ្ងៃពុធសប្ដាហ៍មុន យោធាសហរដ្ឋអាមេរិកបានិយាយថា នាវាទ័ពជើងទឹកកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ចំនួន១១គ្រឿង បានបើកចូលមកជិតនាវាទ័ពជើងទឹកនិងនាវាកងកម្លាំងការពារតំបន់ឆ្នេរអាមេរិក ដោយពិពណ៌នាថា ជាទង្វើបង្កហេតុប្រកបដោយគ្រោះថ្នាក់។ 

ចំណែកសេចក្តីថ្លែងការណ៍មួយ ពីកងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា “យើងសូមណែនាំឲ្យអាមេរិក គោរពតាមច្បាប់អន្តរជាតិ និងពិធីការដែនសមុទ្រ នៅតំបន់ឈូងសមុទ្រពែរ្យ និងឈូងសមុទ្រអូម៉ង់ និងបញ្ឈប់នូវដំណើរផ្សេងព្រេង និងរឿងរ៉ាវមិនពិតនានា”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top