ព័ត៌មានអន្តរជាតិ

រដ្ឋ Missouri របស់អាមេរិក ប្តឹងចិន ជុំវិញការខូចខាតដោយសារជំងឺកូវីដ១៩

MISSOURI៖ រដ្ឋ Missouri សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារទី ២១ ខែមេសា បានប្តឹងថ្នាក់ដឹកនាំប្រទេសចិន ជុំវិញការខូចខាតដោយសារជំងឺកូវីដ – ១៩ ដែលខ្លួនពិពណ៌នាថា ជាការបោកប្រាស់ដោយចេតនា និងសកម្មភាពមិនគ្រប់គ្រាន់ដើម្បីបញ្ឈប់ការរាតត្បាត។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ពាក្យបណ្តឹងរបស់រដ្ឋដំបូងគេនេះ ធ្វើឡើងចំពេលមានការអំពាវនាវនៅក្នុងសភាដើម្បីដាក់ទណ្ឌកម្មប្រទេសចិន និងយុទ្ធនាការមួយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដើម្បីផ្តោតលើតួនាទីរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ចំពេលមានការរិះគន់ចំពោះការដោះស្រាយរបស់លោកផ្ទាល់ចំពោះវិបត្តិនេះ។

រដ្ឋ Missouri ដែលដឹកនាំដោយគណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានដាក់ពាក្យបណ្តឹងនៅតុលាការសហព័ន្ធ ដើម្បីស្វែងរកចំនួនទឹកប្រាក់ដែលមិនបានបញ្ជាក់ពីការខូចខាត និងអធិបង្គាប់ ស្តីពីសកម្មភាពបន្តរបស់ប្រទេសចិន ដែលត្រូវបានចោទប្រកាន់ថា បានរួមបញ្ចូលការលួចស្តុកសម្ភារៈការពារ។

លោក Eric Schmitt អគ្គមេធាវីនៃរដ្ឋ Missouri បានមានប្រសាសន៍ថា “ រដ្ឋាភិបាលចិនបានកុហកពិភពលោកអំពីគ្រោះមហន្តរាយនិងធម្មជាតិ ដែលបង្កអន្តរាយដោយសារមេរោគកូវីដ -១៩ ដែលស្ងាត់ស្ងៀមនេះ ហើយមិនបានធ្វើអ្វីបន្តិចបន្តួចដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះទេ” ។

លោកបន្តថា “ ពួកគេ (ចិន) ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ” ។

សូមជម្រាបថា ឱកាសនៃការទទួលបានជោគជ័យនៃបណ្តឹងគឺនៅឆ្ងាយនៅឡើយ ខណៈដែលច្បាប់អាមេរិក ក្រោមគោលការណ៍នៃអភ័យឯកសិទ្ធិអធិបតេយ្យ ជាទូទៅគឺបានហាមឃាត់សកម្មភាពរបស់តុលាការ ក្នុងការប្រឆាំងនឹងរដ្ឋាភិបាលបរទេស។

រដ្ឋ Missouri បានដោះស្រាយបញ្ហានេះដោយប្តឹងទៅគណបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាចដោយលើកហេតុផលថា បក្សនេះវាមិនមែនជាសរីរាង្គផ្លូវការរបស់រដ្ឋចិនទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×