ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត​និងរុស្ស៊ី ចុះកិច្ចព្រមព្រៀង លើការកាត់បន្ថយប្រេង

បរទេស៖ មេដឹកនាំអង្គការ OPEC គឺអារ៉ាប៊ីសាអូឌីត និងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នា លើកិច្ចព្រមព្រៀងបឋមមួយ ដើម្បីពង្រីកការកាត់បន្ថយ ផលិតផលប្រេង ដែលមានស្រាប់ នៅរយៈពេលមួយខែ ទន្ទឹមគ្នានឹងការបង្កើនសម្ពាធលើប្រទេសនានា ដែលយឺតយ៉ាវ ក្នុងការអនុវត្តកាត់បន្ថយទិន្នផលប្រេង។

ប្រភពពីអង្គការ OPEC មួយ បាននិយាយថា “កិច្ចព្រមព្រៀងណាមួយ ស្តីពីការពង្រីកកាត់បន្ថយប្រេងនោះ គឺមានកំហិតលើប្រទេសនានា ដែលមិនទាន់បាន ប្រតិបត្តិពេញលេញក្នុងខែឧសភា លើការអនុវត្ត កាត់បន្ថយប្រេងរបស់ពួកគេ នៅក្នុងពេលប៉ុន្មានខែខាងមុខ ដើម្បីទូទាត់ ចំពោះការផលិត ហួសកំណត់របស់ពួកគេ”។

គួរបញ្ជាក់ថា កិច្ចប្រជុំ OPEC+ កាលពីខែមុន បានព្រមព្រៀងគ្នា កាត់បន្ថយទិន្នផលឲ្យនៅត្រឹម ៩,៧លានបារ៉ែល ក្នុងមួយឆ្នាំ ឬក៏ប្រហែល១០ភាគរយ នៃទិន្នផលប្រេងពិភពលោក នៅក្នុងខែឧសភានិងមិថុនា ដើម្បីលើកកម្ពស់តម្លៃ ដែលបានធ្លាក់ចុះ ដោយសារតម្រូវការថយចុះ ពាក់ព័ន្ធទៅនឹងវិធានការ ដាក់បម្រាមនានា ក្នុងគោលដៅទប់ស្កាត់ ការរាតត្បាតឆ្លងវីរុសកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top