ព័ត៌មានអន្តរជាតិ

លោក ពូទីន បដិសេធការអញ្ជើញ របស់អង់គ្លេស មិនចូលរួមក្នុងជំនួបកំពូល

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន មិនមានគម្រោងចូលរួម ក្នុងកិច្ចប្រជុំកំពូលតាមអនឡាញ ស្តីពីថ្នាំវ៉ាក់សាំងមេរោគកូរ៉ូណា ដែលរៀបចំធ្វើឡើង ដោយរដ្ឋាភិបាលនៃប្រទេសអង់គ្លេស នៅក្នុងសប្ដាហ៍នេះនោះទេ នេះបើតាមសម្តី របស់មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov នៅថ្ងៃពុធនេះ។

ទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ បានរាយការណ៍ថា វិមានក្រឹមឡាំង ធ្លាប់បាននិយាយប្រាប់ថា លោក ពូទីន បានទទួលការអញ្ជើញ ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូល ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson កាលពីសប្ដាហ៍មុន។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលឆ្នាំ២០២០ស្តីពីថ្នាំវ៉ាក់សាំងសកល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនានោះ គឺត្រូវបានរចនាឡើង ដើម្បីចល័តធនធាន ដែលត្រូវការជាចាំបាច់នានា ដើម្បីធ្វើឲ្យប្រាកដថា មានថ្នាំវ៉ាក់សាំងជាសកល ប្រឆាំងនឹងមេរោគកូរ៉ូណា៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×