ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៦,៩រ៉ិចទ័រ វាយប្រហារភាគខាងជើង ប្រទេសឈីលី

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ថា មជ្ឈមណ្ឌលគ្រោះរញ្ជួយដីជាតិ នៃសាកលវិទ្យាល័យ University of Chile បានឲ្យដឹងថា ក្រុមអាជ្ញាធរនៃប្រទេសឈីលី បាននិយាយថា មិនទាន់មានជនរងគ្រោះ ហើយក៏មិនទាន់មានការ ខូចខាតហេដ្ឋារចនាសម្ព័ន្ធណាមួយ ដែលត្រូវបានគេរាយការណ៍ឲ្យដឹង បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានកើតឡើង កាលពីថ្ងៃពុធ នៅតំបន់ភាគខាងជើងនៃប្រទេស ។

គ្រោះរញ្ជួយដីបានកើតឡើង នៅវេលាម៉ោង៣និង៣៥នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៧និង៣៥នាទីម៉ោងសកល ដែលមានទីតំាងប្រមាណ៥០គីឡូម៉ែត្រ ស្ថិតនៅភាគនីរតីនៃទីក្រុង San Pedro de Atacama ។

គ្រោះរញ្ជួយដីបានធ្វើឲ្យរញ្ជួយ ដល់បណ្តាខេត្តមួយចំនួន និងតំបន់ជាច្រើនទៀត ដែលនៅជិតនឹងទីតាំងរញ្ជួយដីនោះ និងបានបន្តរញ្ជួយក្នុងកម្រិតទាប ក្រោយមានការរញ្ជួយ ក្នុងកម្រិតធ្ងន់កាលពីពេលព្រឹក ។

គេបានដឹងថា ប្រទេសឈីលី ស្ថិតនៅទីតាំងនៃរង្វង់អគ្គីនៅប៉ាស៊ីហ្វិក ហើយភាគច្រើនប្រទេសនេះ តែងតែមានករណីរញ្ជួយដីច្រើនបំផុត នៅលើភពផែនដី ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top