ព័ត៌មានអន្តរជាតិ

មេបញ្ជាការអាមេរិក និយាយថា ចិនជំរុញអះអាងកម្មសិទ្ធិ ទឹកដីក្រោមរនាំង បិទបាំងកូរ៉ូណាវីរុស

បរទេស៖ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសចិន កំពុងតែប្រើប្រាស់មេរោគកូរ៉ូណា ជារនាំងបិទបាំង ដើម្បីជំរុញការអះអាង កម្មសិទ្ធិទឹកដី នៅដែនសមុទ្រចិនខាងត្បូង តាមរយៈការបង្កើន សកម្មភាពទ័ពជើងទឹក ជាមធ្យោបាយបំភ័យប្រទេសដទៃនានា ដែលអះអាងកម្មសិទ្ធិ នៅដែនទឹកនោះដែរ។

លោកឧត្តមសេនីយ៍ កងទ័ពអាមេរិក លោក Kevin Schneider បានមានប្រសាសន៍ថា មានសកម្មភាពកើនឡើង របស់ប្រទេសចិន នៅក្នុងដែសមុទ្រចិនខាងត្បូង ជាមួយនាវាទ័ពជើងទឹក នាវាកងកម្លាំងការពារតំបន់ឆ្នេរ និងកងជីវពលទូកនេសាទ របស់ទ័ពជើងទឹក ក្នុងដំណើរយារយីនាវានានា នៅក្នុងដែនទឹក ដែលទីក្រុងប៉េកាំងអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។

នៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទមួយ លោកឧត្តមសេនីយ៍ សហរដ្ឋអាមេរិករូបនេះ បានមានប្រសាសន៍ ប្រាប់យ៉ាងដូច្នេះថា “ឆ្លងកាត់តាមរយៈវិបត្តិកូវីដ យើងឃើញសកម្មភាពកើនឡើង នៅលើដែនសមុទ្រ” ហើយលោកបានបន្តថា ទីក្រុងប៉េកាំង ក៏បានបង្កើនសកម្មភាពរបស់ខ្លួន នៅដែនសមុទ្រចិនខាងកើត ជាទីដែលខ្លួនជម្លោះទឹកដី ជាមួយប្រទេសជប៉ុនផងដែរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top