ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងលុបចោលការិយាល័យ​ ទំនាក់ទំនងអន្ដរកូរ៉េ ដោយខឹងរឿងខិតប័ណ្ណឃោសនា

សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថានឹងលុបចោល ការិយាល័យទំនាក់ទំនងអន្តរកូរ៉េ ជាលើកដំបូង នៅក្នុងវិធានការណ៍ជាបន្តបន្ទាប់ ដោយកំហឹងចំពោះខិត្តប័ណ្ណ ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ដែលត្រូវបានបញ្ជូន មកពីប្រទេសកូរ៉េខាងត្បូង សូម្បីតែបន្ទាប់ពីទីក្រុងសេអ៊ូល បានសន្យាហាមឃាត់យុទ្ធនាការ ខិតប័ណ្ណបែបនេះក៏ដោយ។

នាយកដ្ឋានរណសិរ្សបង្រួបបង្រួម (UFD) ដែលគ្រប់គ្រងកិច្ចការអន្តរកូរ៉េ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្អូនស្រីរបស់មេដឹកនាំលោក គីម ជុងអ៊ុន គឺលោកស្រី គីម យូជុង បានបញ្ជាឱ្យមន្រ្តីមើលវិធានការ អនុវត្តវិធានការណ៍ជាច្រើន ដែលលោកស្រី បានគំរាមនឹងធ្វើមួយថ្ងៃមុននេះ លើកលែងតែទីក្រុងសេអ៊ូល បញ្ឈប់អ្នករត់ចោលជួរកូរ៉េខាងជើង ពីការបញ្ជូនខិត្តប័ណ្ណបែបនេះ។

សេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់នេះ បានកើតឡើងទោះបីកូរ៉េខាងត្បូង សន្យាថានឹងចាត់វិធានការច្បាប់ ដើម្បីហាមឃាត់បង្ហោះ ខិតប័ណ្ណឃោសនាតាមបាឡុង និងហាក់ដូចជាមានគោលបំណង បង្កើនសម្ពាធលើក្រុងសេអ៊ូល ឲ្យប្រាកដថា ត្រូវធ្វើតាមការសន្យារបស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា

To Top