ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ បង្កេីតក្រុមការងារអន្ដរ-ភ្នាក់ងារ​ ដេីម្បីពង្រីកពាណិជ្ជកម្ម មនុស្សធម៌ជាមួយអ៊ីរ៉ង់

សេអ៊ូល៖​ ក្រសួងការបរទេសបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង​ បានចាប់ផ្តើមបង្កើតក្រុមការងារអន្តរទីភ្នាក់ងារមួយកាលពីថ្ងៃសុក្រ​ ដើម្បីជួយពង្រីកពាណិជ្ជកម្មមនុស្សធម៌​ របស់ខ្លួនជាមួយអ៊ីរ៉ង់​ ដែលត្រូវបានដាក់កម្រិតដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក​ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់។

 លោក Lee Seong-ho អនុរដ្ឋមន្រ្តីក្រសួងការបរទេសទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចបានធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធ ក្រុមការងារដែលមានមន្ត្រីមកពីក្រសួង ហិរញ្ញវត្ថុ​ ឧស្សាហកម្ម​ កសិកម្ម​ និងកិច្ចការសមុទ្រ​ និងទីភ្នាក់ងារជំរុញការវិនិយោគពាណិជ្ជកម្មកូរ៉េ។

ការដាក់ឱ្យដំណើរការនេះ បានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងត្បូង​ បានបញ្ជូនទៅប្រទេសអ៊ីរ៉ង់នូវទឹកប្រាក់ចំនួន ៥០០,០០០ ដុល្លារដែលត្រូវបានប្រើដើម្បីព្យាបាលជំងឺកាលពីចុងខែមុន​ ក្នុងការនាំចេញមនុស្សធម៌ ដំបូងទៅកាន់ប្រទេសនៅមជ្ឈឹមបូព៌ា​ ចាប់តាំងពីសហរដ្ឋអាមេរិកបានរឹតបន្តឹងទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់​ កាលពីឆ្នាំមុន៕

ដោយ​ ឈូក​ បូរ៉ា

To Top