ព័ត៌មានអន្តរជាតិ

ក្រុងញ៉ូវយ៉ក ចាប់ផ្តើមបើក ដំណើរឡើងវិញ ជាលើកដំបូង បន្ទាប់ពីបានបិទ អស់រយៈពេល១០០ថ្ងៃ

ញ៉ូវយ៉ក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ថា បន្ទាប់ពីបានធ្វើការបិទ អស់រយៈពេលជិត៣ខែ ក្រុងញ៉ូវយ៉ក បានបើកឡើងវិញជាលើកដំបូង គិតចាប់ពីថ្ងៃចន្ទ ដែលមានរយៈពេល១០០ថ្ងៃ ចាប់តាំងពីផ្ទុះជំងឺកូវីដ១៩ ជាលើកដំបូង ។

លោក Bill de Blasio អភិបាលក្រុងញ៉ូវយ៉ក បានថ្លែងនៅក្នុងសន្និសីទ សារព័ត៌មាននៅ Brooklyn ថា “នេះជាថ្ងៃដ៏អស្ចារ្យបំផុត” ។ “វាជាថ្ងៃដែលយើងចាប់ផ្តើម បើកឲ្យមានសេរីភាព របស់ពួកយើងពីជំងឺនេះ” ។

លោកអភិបាលក្រុងញ៉ូវយ៉ក បានថ្លែងអំណរគុណដល់ពលរដ្ឋ នៅក្រុងញ៉ូវយ៉ក សម្រាប់កិច្ចសហការល្អ របស់ពួកគេក្នុងការប្រយុទ្ធ ប្រឆាំងនឹងវីរុសកូរ៉ូណា ដោយជំរុញឲ្យពលរដ្ឋចងចាំនូវមេរៀន ទន្ទឹមនឹងការបន្តដំណើរឆ្ពោះទៅមុខ ។

អភិបាលក្រុងខាងលើបានបញ្ជាក់ថា មានអ្នកមានរោគសញ្ញា ដែលបង្កដោយវីរុសកូរ៉ូណា ចំនួន៣៥.០០០នាក់ ដែលបានធ្វើតេស្ត រួចរាល់ក្នុងរយៈពេល១ថ្ងៃ នៅក្រុងញ៉ូវយ៉ក ដោយក្នុងជំហាន១ មានទីតាំងជាង២៤០កន្លែង នៅទូទាំង៥សង្កាត់ ។

ក្រុងនេះត្រូវបានគេ រាយការណ៍មកថា មានអ្នកឆ្លងជំងឺលើសពី២០៧.០០០នាក់ សរុបស្មើ នឹងប្រមាណលើស១០ភាគរយ នៃចំនួនអ្នកឆ្លងជំងឺ សរុបនៅសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top