ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ នឹងកាត់ទោសប្រហារជីវិត ចារកម្ម CIA ដែលពាក់ព័ន្ធនឹង ការសម្លាប់អតីតមេបញ្ជាការក្រុមពិសេស Quds លោក Soleimani

បរទេស៖ កាលពីថ្ងៃទី ៣ ខែមករា ការវាយប្រហារដោយ យន្តហោះគ្មានមនុស្ស បើករបស់អាមេរិកដែលត្រូវបាន អនុញ្ញាតដោយប្រធានាធិបតី ដូណាល់ត្រាំ បានសម្លាប់លោក Qasem Soleimani មេបញ្ជាការរបស់កងកម្លាំងពិសេស Quds នៃក្រុមឆ្មាំបដិវត្តអ៊ីស្លាម អ៊ីរ៉ង់ និងមេបញ្ជាការកងជីវពល Shia លោក Abu Mahdi Muhandis ដែលទាំងពីរនាក់កំពុងជិះរថយន្តនៅ អាកាសយានដ្ឋានអន្តរជាតិ Baghdad ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Gholamhossein Esmaili បានប្រកាសថា ពលរដ្ឋនៃសាធារណរដ្ឋអ៊ីស្លាមម្នាក់ ដែលបានចោទប្រកាន់ថា បានផ្តល់ទីភ្នាក់ងារស៊ើបការណ៍កណ្តាលអាមេរិក (CIA) នូវព័ត៌មានអំពីទីកន្លែង របស់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់ នឹងត្រូវគេប្រហារជីវិត។

លោក Gholamhossein Esmaili បានប្រាប់សន្និសីទសារព័ត៌មាន តាមទូរទស្សន៍កាលពីថ្ងៃអង្គារថា “លោក Mahmoud Mousavi-Majd ជាអ្នកស៊ើបការណ៍ម្នាក់សម្រាប់ CIA និង [ភ្នាក់ងារស៊ើបការណ៍អ៊ីស្រាអែល] Mossad ត្រូវបានកាត់ទោសប្រហារជីវិត។

សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីទស្សនាវដ្តី Newsweek បានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះជាច្រើន បាននិយាយកាលពីចុងខែមីនាថា មានមនុស្សតិចតួចទេដែលដឹងអំពីការសម្លាប់ Soleimani ដោយយន្តហោះគ្មានមនុស្សបើក MQ-9 របស់អាមេរិកនៅអ៊ីរ៉ាក់កាលពីដើមឆ្នាំនេះ។

យោងតាមប្រភពព័ត៌មាន ការធ្វើឃាត Soleimani ត្រូវបានធ្វើឡើងដោយ សម្ងាត់ដែលសូម្បីតែផ្កាយរណបចារកម្មរបស់ យោធាអាមេរិកដែលហៅថា“ មធ្យោបាយបច្ចេកទេសជាតិ” (NTM) ក៏មិនដឹងអំពីទីតាំងយន្តហោះគ្មាន មនុស្សបើកដែរ៕ ប្រែសម្រួលៈ ណៃតុលា

To Top