ព័ត៌មានអន្តរជាតិ

យូអិន៖ អាវុធដែលអាមេរិករឹបអូសបាន និងមីស៊ីលប្រើវាយប្រហារអារ៉ាប៊ីសាអូឌីត មានប្រភពពីអ៊ីរ៉ង់

បរទេស៖ នៅក្នុងរបាយការណ៍មួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយប្រាប់ទីប្រឹក្សាសន្តិសុខថា មីស៊ីលដែលគេប្រើប្រាស់ ក្នុងការវាយប្រហារជាច្រើនលើក លើបរិវេណប្រេង និងអាកាសយានដ្ឋានអន្តរជាតិមួយ នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំមិញនោះ គឺមានប្រភពពីប្រទេសអ៊ីរ៉ង់។

លោក Antonio Guterres ក៏បាននិយាយផងដែរថា សម្ភារៈជាច្រើន ក្នុងដំណើររឹបអូសអាវុធ របស់សហរដ្ឋអាមេរិក និងសម្ភារៈពាក់ព័ន្ធនានា កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ និងខែកុម្ភៈ ឆ្នាំ២០២០ គឺក៏មានប្រភព មកពីប្រទេសអ៊ីរ៉ង់ផងដែរ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News។

គួរបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ ទីក្រុងវ៉ាស៊ីនតោន កំពុងតែជំរុញ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឲ្យបន្តដាក់បម្រាម មិនឲ្យនាំចូលអាវុធលើប្រទេសអ៊ីរ៉ង់ ដែលនឹងត្រូវផុតកំណត់ក្នុងខែតុលា ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែ ប៉ុន្តែរុស្ស៊ីនិងចិន ដែលមានអំណាចធ្វើវេតូ របស់ក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញហើយនូវការជំទាស់ ចំពោះការបន្តឲ្យដាក់បម្រាមនោះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top