ព័ត៌មានអន្តរជាតិ

តុលាការ ឧក្រិដ្ឋកម្មអន្តរជាតិ រិះគន់ទណ្ឌកម្មអាមេរិក ជុំវិញរឿងស៊ើបអង្កេត នៅអាហ្វហ្គានីស្ថាន

បរទេស៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសរិះគន់ ចំពោះបទបញ្ជាប្រតិបត្តិ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដាក់ទណ្ឌកម្ម លើមន្ត្រីស៊ើបអង្កេត របស់តុលាការ ដែលកំពុងតែធ្វើការស៊ើបអង្កេត ចំពោះឧក្រិដ្ឋកម្មសង្គ្រាម បង្កឡើងដោយយោធាអាមេរិក នៅលើទឹកដីនៃប្រទេសអាហ្វហ្គានីស្ថាន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបង្ហាញនូវក្តីសោកស្តាយជាខ្លាំង ចំពោះទង្វើបែបនេះរបស់លោក ត្រាំ ដែលបានប្រកាសឡើង កាលពីមួយថ្ងៃមុន នៅសេតវិមាន។

តុលាការដែលមានមូលដ្ឋាន នៅទីក្រុង Hague ដែលធ្វើការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាម និងការសម្លាប់រង្គាល់ បាននិយាយថា ខ្លួនគាំទ្រយ៉ាងពេញទំហឹង ចំពោះបុគ្គលិកនិងមន្ត្រីរបស់ខ្លួន ហើយនៅតែប្រកាន់ខ្ជាប់មិនងាករេ ចំពោះការប្តេជ្ញារំសាយចេញ ដោយឯករាជ្យនិងមិនលម្អៀង លើវិសោធនកម្ម ដែលបានផ្តល់ឲ្យ ដោយលក្ខន្តិកៈទីក្រុងរ៉ូម និងប្រទេសចូលរួម៕ ប្រែសម្រួល៖ប៉ាង កុង

To Top