ព័ត៌មានអន្តរជាតិ

ជប៉ុនបញ្ជាក់គម្រោង ការពារពលរដ្ឋខ្លួន នៅកូរ៉េ

បរទេស៖នាយករដ្ឋមន្ត្រីជប៉ុន នៅពេលថ្មីៗនេះ បានមានប្រសាសន៍ប្រាប់ថា ទីក្រុងតូក្យូកំពុងតែធ្វើការងារជាមួយសហរដ្ឋអាមេរិក លើគម្រោងដ៏មានសក្ដានុពល ដើម្បីការពារពលរដ្ឋជប៉ុននៅលើឧបទ្វីបកូរ៉េ ក្នុងករណីមានភាពអាសន្នកើតមានឡើង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពីមានការគម្រាមបង្កហេតុពីទីក្រុងព្យុងយ៉ាង។

លោក ស៊ិនហ្ស៊ូ អាបេ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទពិសេសមួយថា ប្រទេសជប៉ុនគួរតែមានសមត្ថភាពធ្វើការឆ្លើយតបយ៉ាងមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពរបស់ប្រជាជនជប៉ុននៅបរទេស ប៉ុន្តែលោកមិនបានបង្ហាញពីភាពអាចនឹងមានការជម្លៀសនោះទេ។

យោងតាមបុគ្គលិកនៅទីក្រុងតូក្យូរបស់ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីជប៉ុន បានមានប្រសាសន៍ដូច្នេះថា “ក្នុងគោលបំណងរក្សាសុវត្ថិភាពរបស់ជនជាតិជប៉ុននៅបរទេសនោះ វាចាំបាច់ណាស់ដែលត្រូវអាចធ្វើការឆ្លើយតប ចំពោះឧប្បត្តិហេតុផ្សេងៗ ហើយយើងកំពុងតែធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយសម្ពន្ធមិត្តរបស់យើង គឺសហរដ្ឋអាមេរិក”៕

To Top