ព័ត៌មានអន្តរជាតិ

អង់គ្លេស ប្រកាសថា ករណីកាប់សម្លាប់ នៅកណ្តាលទីក្រុង ជា“អំពើភេរវកម្ម”

ឡុងដ៍៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ថា ប៉ូលិសបង្ក្រាបអំពើភេរវកម្ម របស់ចក្រភពអង់គ្លេស បាននិយាយកាលពីថ្ងៃអាទិត្យថា ឧប្បត្តិហេតុដែលបង្កឡើង ដោយការចាក់សម្លាប់ នៅនឹងកន្លែងនៅក្រុង Reading ភាគខាងត្បូងប្រទេសអង់គេ្លស កាលពីយប់ថ្ងៃសៅរ៍ “ឥឡូវនេះ ត្រូវបានប្រកាសថា ជាឧប្បត្តិហេតុ កើតចេញពីអំពើភេរវកម្ម” ។

ប៉ូលិសបង្រ្កាបភេរវកម្ម បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា “ក្រុមមន្ត្រីការិយាល័យ មកពីអង្គភាពបង្រ្កាប អំពើភេរវកម្មនៅភាគអាគ្នេយ៍ បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយក្រុមប៉ូលិស មកពីក្រសួងព្រហ្មទណ្ឌកម្រិតធ្ងន់ នៅក្រុង Thames Valley រហូតដល់ពេលយប់ ” ។

ប៉ូលិសក្នុងស្រុកបានឲ្យដឹងថា មនុស្ស៣នាក់ត្រូវបានគេសម្លាប់ និងយ៉ាងហោចណាស់៣នាក់ទៀត បានរងរបួស នៅក្នុងអំពើវាយប្រហារ នៅឯ Forbury Gardens ក្រុង Reading កាលពីយប់ថ្ងៃសៅរ៍ ។ បុរសវ័យ២៥ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា ជាឃាតករ បន្ទាប់ពីបានឃាត់ខ្លួននៅកន្លែងកើតហេតុ ។

ទូរទស្សន៍ BBC បានរាយការណ៍ កាលពីថ្ងៃអាទិត្យថា បុរសវ័យ២៥ឆ្នាំ មានឈ្មោះ Khairi Saadallah និងមកពីប្រទេសលីប៊ី ។

ប៉ូលិសបាននិយាយថា មិនទាន់បានរកឃើញនរណាផ្សេងទៀត ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ នៅឡើយទេ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top