ព័ត៌មានអន្តរជាតិ

ឥណ្ឌាជំរុញឱ្យរុស្ស៊ីបញ្ជូន ប្រព័ន្ធការពារមីស៊ីល S-400 មកឱ្យបានឆាប់ អំឡុងពេលតានតឹងផ្នែក ព្រំដែនជាមួយចិន

បរទេស៖ ប្រភពពីក្រសួងការពារជាតិ បាននិយាយក្នុងលក្ខខណ្ឌអនាមិកថា ប្រទេសឥណ្ឌា កំពុងពិចារណាលើជម្រើស នៃការជំរុញឱ្យប្រទេសរុស្ស៊ីបង្កើនការ បញ្ជូនប្រព័ន្ធមីស៊ីលការពារអាកាស S-400 ។ វាត្រូវបានគេជឿជាក់ថា រដ្ឋាភិបាលទីក្រុងម៉ូស្គូបានគ្រោងនឹងពន្យារពេល ការដឹកជញ្ជូននេះ រហូតដល់ខែធ្នូឆ្នាំ ២០២១ ដោយសារតែការរីករាលដាលនៃ មេរោគឆ្លងរាលកូវីដ១៩។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា ការបង្កើនល្បឿននៃការផ្តល់ប្រព័ន្ធ មីស៊ីលដែលមានតម្លៃ ៥,៤ ពាន់លានដុល្លារសម្រាប់ប្រទេសឥណ្ឌា ដែលបានបង់ប្រាក់យ៉ាង ច្រើនរួចទៅហើយនោះកាលពីឆ្នាំមុនត្រូវបានគេរំពឹងថា នឹងត្រូវពិភាក្សាក្នុងអំឡុង កិច្ចប្រជុំទ្វេភាគីរបស់រដ្ឋមន្ត្រីការពារជាតិឥណ្ឌាលោក Rajnath Singh ជាមួយសមភាគីរុស្ស៊ីលោក Sergei Shoigu ។

នៅពេលចាកចេញទៅទីក្រុងមូស្គូដើម្បី ចូលរួមក្នុងពិធីព្យុហយាត្រាទិវាជ័យជំនះ នៅថ្ងៃទី ២៤ ខែមិថុនា រដ្ឋមន្ត្រីការពារជាតិឥណ្ឌា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកគឺជាឱកាសមួយដើម្បីពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រនិងការពារជាតិឥណ្ឌា – រុស្ស៊ី។

សូមជម្រាបថា ការសម្រេចរបស់រដ្ឋាភិបាលឥណ្ឌាក្នុងការបញ្ជូនរដ្ឋមន្រ្តីការពារជាតិទៅចូលរួមក្នុងព្យុហយាត្រាទិវាជ័យជំនះលើកទី ៧៥ របស់ទីក្រុងមូស្គូ កើតឡើងបន្ទាប់ពីមានផែនការទិញរបស់ឥណ្ឌា ដែលមានយន្តហោះចម្បាំងចំនួន ៣៣ គ្រឿង ក្នុងនោះមានយន្ដហោះ Su-30MKI ចំនួន ១២ គ្រឿង និង MiG-29 ចំនួន ២១ គ្រឿងមកពីប្រទេសរុស្ស៊ី ក្រោមបទបញ្ជាបន្ទាន់ និងចំពេលមានព្រំដែន ការប៉ះទង្គិចគ្នារវាងឥណ្ឌានិងចិននៅតំបន់ Ladakh នៅភាគខាងជើងឆ្ងាយនៃប្រទេស៕ ប្រែសម្រួលៈ ណៃ តុលា

To Top