ព័ត៌មានអន្តរជាតិ

កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងបណ្ដាអាទិភាពក្នុងបរិបទថ្មី

អាស្រ័យដោយការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩​ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹងប្រារព្ធធ្វើឡើង
ក្នុងទម្រង់ជាសន្និសីទវីដេអូនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២០។

កិច្ចប្រជុំកំពូល អាស៊ាន លើកទី ៣៦ នឹងប្រារព្ធធ្វើឡើងក្នុងបរិបទពិសេស ក្នុងខណៈពេលដែលជំងឺកូវីដ-១៩​
បាននិងកំពុងឆ្លងរាលដាលលើទូទាំងសកលលោក ជះឥទិ្ធពលអវិជ្ជមានដល់ជីវភាពរស់នៅរបស់ប្រជាជន និងវិស័យសេដ្ឋកិច្ចសង្គមនៃប្រទេសនានាក្នុងទូទាំងពិភពលោកនិយាយរួមនិងតំបន់អាស៊ាន និយាយដោយឡែក។ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ ប្រទេស វៀតណាម កំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញតួនាទី របស់ខ្លួន ធានាអោយកិច្ចប្រជុំនេះទទួលបានលទ្ធផលជាផ្លែផ្កាស្របតាមស្ថានភាពថ្មីតាមដែលអាចធ្វើទៅបាន។
​​​ ខិតខំប្រឹងប្រែងសម្រាប់ “តភ្ជាប់និងម្ចាស់ការក្នុងការបន្ស៊ាំនឹងបរិបទថ្មី”អនុវត្តន៍គោលនយោបាយការបរទេសពហុភាគីយ៉ាងសកម្មនិងម្ចាស់ការ ក្នុងរយៈកាល​កន្លង​ទៅ ប្រទេស វៀតណាមបាននិងកំពុងខិតខំបញ្ជាក់ទីតាំងឈរជើងរបស់ខ្លួនលើវេទិកាធំៗក្នុងតំបន់និងពិភពលោក។

ការ​ទទួលភារកិច្ចទាំងពីរក្នុងពេលតែមួយក្នុងឆ្នាំ ២០២០ នេះ គឺសមាជិកមិនអចន្រ្តៃយ៍ក្រុម​ប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិនិងប្រធានអាស៊ានជាឧកាសដ៏មានសារសំខាន់សម្រាប់ ប្រទេស វៀត​ណាម ក្នុងការចូលរួមចំណែកយ៉ាងសកម្មនិងម្ចាស់ការប្រកបដោយទំនួលខុសត្រូវចំពោះវិស័យសន្តិភាព សុវត្ថិភាព និងវិបុលសុខរួមក្នុងតំបន់​ និងពិភពលោកហើយនេះក៏ជាឧកាសដើម្បីប្រទេស វៀត​ណាម​ បញ្ជាក់អំពីជំហរនិងទឹកចិត្តនៃប្រទេសមួយដែល ស្រឡាញ់សន្តិភាព នវានុវត្តន៍កំពុងក្នុងដំណើរការសមាហរណកម្មអន្តជាតិយ៉ាងអស៊ីជម្រៅ ។

ក្នុងតួនាទីជាប្រធានអាស៊ាន ឆ្នាំ ២០២០ នាយករដ្ឋមន្រ្ដីនៃប្រទេស វៀតណាម លោក ង្វៀនស៊ន់ភុក (Nguyen Xuan Phuc) នឹងអញ្ជើញជាអធិបតីភាពក្នុងសម័យបើក សម័យ​​ប្រជុំពេញអង្គនិងសម័យប្រជុំពិសេស ផ្សេងៗស្ដីអំពីការ​បង្កើនសិទ្ធិអំណាចសម្រាប់ស្ដ្រី​​ក្នុងយុគសម័យឌីជីថល កិច្ចសន្ទនារវាងថ្នាក់ដឹកនាំនៃបណ្ដាប្រទេស ជាសមាជិកអាស៊ានជាមួយនឹង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) តំណាង​​យុវជន​អាស៊ាន ​ក្រុមប្រឹក្សាពិគ្រោះយោបល់ពាណិជ្ជកម្មអាស៊ាន (ASEAN-BAC) ផង​ដែរ ។ ក្នុងខណៈពេលនោះ លោក ស្រី ង្វៀនធីគីមង៉ឹន (Nguyen Thi Kim Ngan) ​ប្រធានរដ្ឋសភា​វៀតណាម ប្រធាន AIPA ៤១ នឹងតំណាង​ឱ្យ​ប្រទេស វៀតណាម ​​អញ្ជើញថ្លែង​សុន្ទរកថា​ក្នុង​សម័យប្រជុំ​ពិសេស ស្តី​ពី​ការ​បង្កើន​សិទ្ធិ​អំណាច​សម្រាប់​​ស្ត្រី​ក្នុង​យុគសម័យ​ឌី​ជី​ថ​លហើយចូលរួមកិច្ចសន្ទនារវាង ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាសមាជិកអាស៊ាន និង​មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA)។

មុននោះ ក្នុងប៉ុន្មានថ្ងៃចាប់ពីថ្ងៃ ២២ ដល់ថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កិច្ចប្រជុំត្រៀមរៀបចំនានា ក៏បានប្រារព្ធឡើង។បណ្ដារដ្ឋមន្រ្ដី ក្រសួងកាបរទេស ឧស្សាហកម្ម-ពាណិជ្ជកម្ម ការងារ-យុទ្ធជនពិការនិងសង្គមកិច្ច នៃប្រទេស វៀតណាមនឹងអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកាបរទេសអាស៊ានក្រៅផ្លូវការ ក្រុមប្រឹក្សា សម្រប​សម្រួលអាស៊ានលើកទី ២៦ ​ក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ានលើកទី ២១ កិច្ចប្រជុំរដ្ឋមន្ត្រី​នៃ​បណ្ដាប្រទេសចូលរួមការចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និង កិច្ចប្រជុំ​ក្រុមប្រឹក្សាសហគមន៍វប្បធម៌-សង្គមអាស៊ានលើទី ២៣។ ពង្រីកតួនាទីរបស់អាស៊ានក្នងពិភពលោកមួយដែលពោពេញទៅដោយការប្រែប្រួល ចាប់ពីដើមឆ្នាំមកទល់ពេលនេះ ប្រទេស វៀតណាម បានម្ចាស់ការរៀបចំដោយជោគជ័យនិងទាន់ពេលវេលានូវបណ្ដាកិច្ចប្រជុំដែលធ្វើឡើងតាមទម្រង់ជាសន្និសីទវីដេអូក្នុងក្របខ័ណ្ឌអាស៊ាន និងជាមួយដៃគូផ្សេងៗ នៅគ្រប់ កម្រិត ក្នុងគោលបំណងជំរុញអនុវត្តរបៀបវារៈ ខ្លឹមសារ គំនិតផ្ដួចផ្ដើមនៃឆ្នាំប្រធាន ធានាល្បឿនការងារមិនខកខានស្របតាមស្មារតីនៃឆ្នាំអាស៊ាន ២០២០ គឺ “តភ្ជាប់និងម្ចាស់ការក្នុងការបន្ស៊ាំនឹងបរិបទថ្មី”។

ចំពោះមុខស្ថានភាពឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ដែលបន្តមានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅ ប្រទេស ជាច្រើនក្នុងទូទាំង​ពិភព​លោក កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ ដែលធ្វើឡើងតាមទម្រង់ជាសន្និសីទវីដេអូផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការពិនិត្យឡើងវិញ វាយតម្លៃលើការលំបាកលំបិន ជំពាក់ជំពិនទាំងឡាយហើយលើកសំណើរវិធានការស្ដារឡើងវិញនូវការងារដំណើរការអនុវត្តរបៀបវារៈ ខ្លឹមសារ គំនិតផ្ដួចផ្ដើមទាំងឡាយ​នៃឆ្នាំប្រធានអាស៊ាន២០២០ ក្រោមឥទ្ធិពលពីការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩។ អាស្រ័យហេតុនេះ ប្រទេស វៀតណាមបានលើកសំណើរដោយផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការអនុវត្តអាទិភាពទាំង ៤ ដែលត្រូវបានថ្នាក់​ដឹកនាំ​អាស៊ាន​ឯកភាព​​គ្នាតាំងពីមុន រួមមាន៖ ការបង្កើតមូលនិធិអាស៊ានដើម្បីឆ្លើយតបនឹងជំងឺ កូវីដ-១៩ការកសាងឃ្លាំងផ្ទុកបម្រុងសំភារៈបរិក្ខាពេទ្យតំបន់អាស៊ាន ការកសាងក្បួនដំណើរការស្តង់ដាររបស់អាស៊ានសម្រាប់ទប់ទល់នឹងស្ថានភាពសុខភាពបន្ទាន់ និងកសាងផែនការស្ដារអាស៊ានឡើងវិញក្រោយកូវីដ-១៩។

ពាក់ព័ន្ធនឹងប្រធានបទស្នូលនៃកិច្ចប្រជុំនិងកាងារឆ្លើយតបជាមួយនឹងការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩
អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក ង្វៀនក្វឹកយុង (Nguyen Quoc Dung) បានអះអាងបញ្ជាក់ថា៖ អាទិភាពចម្បងគឺធានាអាយុជីវិតរបស់ប្រជាជនអាស៊ាន។ “ទីមួយគឺការងារបង្ការទប់ស្កាត់ គ្រប់គ្រងការឆ្លងរាលដាល នៃជំងឺរាតត្បាត។ ទីពីរគឺជួយឧបត្ថម្ភប្រជាជននៃប្រទេស អាស៊ាន ទាំងអស់ដែលរងផលប៉ះពាល់ដោយសារជំងឺ រាតត្បាត ក្នុងនោះមានទាំងការជួយសម្រួលផ្នែកកុងស៊ុលដល់ប្រជាពលរដ្ឋអាស៊ានដែលកំពុងរស់នៅ សិក្សារៀនសូត្រនិងធ្វើការនៅបណ្ដាប្រទេសជាសមាជិកអាស៊ាននិងនៅប្រទេសទី ៣។ ហើយទីបីគឺកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតដល់សេដ្ឋកិច្ច-សង្គម“ អនុរដ្ឋមន្រ្តីការបរទេស វៀតណាម លោក ង្វៀនក្វឹកយុង បានថ្លែងដូច្នោះ។

ចាប់តាំងពីដើមឆ្នាំនេះមក ក្នុងឋានៈជាប្រធាន អាស៊ាន ប្រទេស វៀតណាម រួមជាមួយបណ្ដាប្រទេសជាសមាជិក​បាន​កំណត់ប្រធានបទរួមសម្រាប់ឆ្នាំ ២០២០ គឺអាស៊ាន “តភ្ជាប់និងម្ចាស់ការក្នុងការបន្ស៊ាំនឹងបរិបទថ្មី”ក្នុងគោលបំណងជម្រុញខ្លាំងកិច្ច​ការកសាង​សហគមន៍និងពង្រីកតួនាទីរបស់អាស៊ាន ក្នុងពិភពលោកមួយដែលពោពេញដោយបម្រែបម្រួល។ ការផ្ទុះ​ឡើងដោយចៃដន្យនិងផលប៉ះពាល់នៃជំងឺកូវីដ ១៩ បណ្ដាលអោយច្របូក​ច្របល់ ជីវភាពរស់នៅគ្រប់វិស័យក្នុងសង្គម ជាមួយនឹងការជះឥទ្ធិពលដែលមិនធ្លាប់មានពីមុនមកនៅប្រទេសនានាលើ ទូទាំងពិភពលោកនោះបានឲ្យឃើញថា៖ ប្រធានបទនិងទិសស្លោកនោះត្រូវបានលើកឡើងចំពេលនិងត្រឹមត្រូវ ជាងពេលណាៗទាំងអស់។

ឆ្លងតាមរយៈនោះ បានស្ដែងឲ្យឃើញកិច្ចខិតខំប្រឹងប្រែងដ៏ធំធេងរបស់ប្រទេស វៀតណាម ក្នុងឋានៈ ជាប្រធានអាស៊ាន បង្ហាញយ៉ាងត្រឹមត្រូវនូវស្មារតីតភ្ជាប់និងម្ចាស់ការក្នុងការបន្ស៊ាំនឹងបរិបទថ្មី។ រួមជាមួយ នឹងសាមគ្គីភាពការផ្សារភ្ជាប់រវាងប្រទេសជាសមាជិកអាស៊ានទាំងឡាយ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ នឹង​បន្ត​ដំណើរការអនុវត្តនូវរបៀបវារៈខ្លឹមសារ ផ្សេងៗ ធានាអនុវត្តដោយជោគជ័យនូវគំនិតផ្ដួចផ្ដើមទាំងឡាយរបស់ឆ្នាំ ប្រធានអាស៊ាន ២០២០ សមស្របជាមួយស្ថានភាពថ្មី ដើម្បីអាស៊ានបន្តអះអាងបញ្ជាក់តួនាទីជាមជ្ឈមណ្ឌលក្នុង តំបន់៕

ទិដ្ឋភាពកិច្ចប្រជុំនៃក្រុមការងារក្រោមឧវាទក្រុមប្រឹក្សាសម្រប​សម្រួល អាស៊ាន ស្ដីអំពីការឆ្លើយតបនឹង
ករណីសុខភាពសាធារណៈបន្ទាន់លើកទី ២ ប្រព្រឹត្ត​ឡើងកាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ ដែលធ្វើឡើងក្នុង
ទម្រង់ជាសន្និសីទវីដេអូ
ទិដ្ឋភាពកិច្ចប្រជុំរដ្ឋមន្ត្រីនៃបណ្ដាប្រទេសចូលរួមកិច្ចចរចាស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ ជ្រុង
ជ្រោយក្នុងតំបន់ (RCEP) លើកទី ១០ ប្រព្រឹត្តទៅនៅថ្ងៃ ២៣ ខែ មិថុនា ឆ្នាំ ២០២០ ដែលធ្វើឡើងក្នុងទម្រង់ ជាសន្និសីទវីដេអូ

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top