ព័ត៌មានអន្តរជាតិ

កងទ័ពឥណ្ឌា បាញ់ផ្លោងដាក់គ្នា ជាមួយទាហាន ប៉ាគីស្ថាន នៅតំបន់ Jammu និង Kashmir ក្រោយឥណ្ឌាចោទប៉ាគីស្ថានថា បានរំលោភបទឈប់បាញ់គ្នា ២ពាន់ដង ក្នុងឆ្នាំនេះ

ញូដេលី៖ ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ដែលមានជម្លោះ នៅលើតំបន់ Jammu និង Kashmir ចាប់តាំងពីទទួលបានឯករាជ្យ បានចោទប្រកាន់គ្នាទៅវិញទៅមក អំពីការរំលោភបទឈប់បាញ់គ្នា ឥតឈប់ឈរ នៅលើបន្ទាត់នៃការគ្រប់គ្រង (LoC) ។ ស្របពេល ដែលឥណ្ឌាអះអាងថា ប៉ាគីស្ថានបានរំលោភ បទឈប់បាញ់ជាង ២.០០០ ដងក្នុងឆ្នាំ ២០២០ ក្នុងពេល ដែលរដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ ក៏បានចោទប្រកាន់ ទីក្រុងញូវដែលីវិញថា បានរំលោភ លើកិច្ចព្រមព្រៀងនេះចំនួន ៩៥៧ ដង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា កងទ័ពរបស់ប្រទេសឥណ្ឌា បានអះអាងនៅថ្ងៃនេះថា ប្រទេសប៉ាគីស្ថាន បានបាញ់កាំភ្លើងត្បាល់ និងអាវុធផ្សេងទៀត បន្ទាប់ពីប្រទេសនេះ បានផ្តើមការរំលោភបទឈប់បាញ់ នៅតាមព្រំដែនរបស់រដ្ឋ Jammu និង Kashmir នៅក្នុងតំបន់ Machhal ។

ភាគីខាងកងទ័ពឥណ្ឌា បានបញ្ជាក់ថា «ប៉ាគីស្ថានរំលោភបទឈប់បាញ់នៅតំបន់ Machhal និង តំបន់ Kupwara (J&K) ។ នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នៅពេលរសៀល ប៉ាគីស្ថានបានផ្តួចផ្តើមការរំលោភបទឈប់បាញ់ដែលមិនមានការទទួលខុសត្រូវ (CFV) នៅតាមបណ្តោយ បន្ទាត់នៃការគ្រប់គ្រង (LoC) ក្នុងតំបន់ Machhal ដោយការបាញ់កាំភ្លើងត្បាល់ និងអាវុធផ្សេងទៀត។

មុននេះនៅថ្ងៃទី ២២ ខែមិថុនាទាហានឥណ្ឌាម្នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីមានការបំពាន បទឈប់បាញ់គ្នាជាច្រើន ដោយប៉ាគីស្ថាន ដែលបានវាយប្រហារលើផ្នែកជាច្រើន នៅតាមបណ្តោយបន្ទាត់ នៃការត្រួតពិនិត្យ (LoC) នៅរដ្ឋ Jammu និង Kashmir ។

យ៉ាងហោចណាស់មានជនស៊ីវិល ៤ នាក់និងទាហានម្នាក់ នៅក្នុងប្រទេសឥណ្ឌា ត្រូវបានសម្លាប់ នៅក្នុងឧប្បត្តិហេតុផ្សេងគ្នា នៃការរំលោភបទឈប់បាញ់ នៅសប្តាហ៍នេះនៅក្នុងតំបន់ Jammu និង Kashmir ។ ប្រទេសប៉ាគីស្ថាន ក៏បានអះអាងផងដែរថា ជនស៊ីវិល ៤ នាក់ ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារ ពីសំណាក់កងទ័ពឥណ្ឌា កាលពីថ្ងៃទី ១៨ ខែមិថុនា ខណៈក្មេងស្រីអាយុ ១៣ ឆ្នាំម្នាក់ ត្រូវបានសម្លាប់នៅថ្ងៃទី ២១ ខែមិថុនា៕ ប្រែសម្រួលៈ ណៃ តុលា

To Top