ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក គំរាម ដាក់ពន្ធលើស្រាបៀរ នាំចូលពីអឺរ៉ុប

បរទេស៖ សហរដ្ឋអាមេរិក បានគំរាមដាក់ពន្ធគយ ពាណិជ្ជកម្មថ្មី លើស្រាបៀរ សូកូឡា និងប្រេងអូលីវ ដែលនាំចូលពីសហភាពអឺរ៉ុប ដែលជាផ្នែកមួយនៃជម្លោះដ៏វែងឆ្ងាយនៃការឧបត្ថម្ភធន ដល់ក្រុមហ៊ុនផលិត យន្តហោះ Airbus ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកតំណាងពាណិជ្ជកម្ម អាមេរិកបាននិយាយថា ខ្លួនកំពុងពិចារណាលើពន្ធ លើផលិតផលចំនួន ៣០ ដែលមានតម្លៃ ៣,១ ពាន់លានដុល្លារ (២,៥ ពាន់លានអឺរ៉ូ) នៅក្នុងពាណិជ្ជកម្មជារៀងរាល់ឆ្នាំ។

វាបានដាក់ពន្ធគយរួចទៅហើយ ពី ១៥% ទៅ ២៥% លើទំនិញ របស់សហភាពអឺរ៉ុប ដែលមានតម្លៃ ៧,៥ ពាន់លានដុល្លារដែលជាផ្នែកមួយនៃជម្លោះនេះ។ ចំណែកសហភាពអឺរ៉ុប បានព្រមានវិញថា វានឹងធ្វើឱ្យខូចខាត ដល់ក្រុមហ៊ុនទាំងសងខាងនៃអាត្លង់ទិច។

រដ្ឋមន្រ្តីពាណិជ្ជកម្មអង់គ្លេសលោកស្រី Liz Truss បាននិយាយថា លោកស្រីមានការខកចិត្ត ចំពោះចំណាត់ការនេះ ហើយក៏បានព្រមានប្រឆាំងវិញ នឹងការប្រើប្រាស់ការតម្លើងពន្ធ “ដើម្បីសកសឹកវិញផងដែរ”។

សូមជម្រាបថា ចំណុចកណ្តាលជម្លោះនេះផ្តោត លើការឧបត្ថម្ភធនរបស់អ៊ឺរ៉ុប ដែលបានផ្តល់ឱ្យក្រុមហ៊ុន Airbus មុនឆ្នាំ ២០០៤ ដែលរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិយាយថា បានបង្កើតគុណប្រយោជន៍អយុត្តិធម៌ ទៅលើក្រុមហ៊ុន ផលិតយន្តហោះអាមេរិក Boeing ៕ប្រែសម្រួលៈ ណៃ តុលា

To Top