ព័ត៌មានអន្តរជាតិ

ចិននឹងដាក់ ការរឹតបន្តឹងទិដ្ឋាការ លើជនជាតិអាមេរិក ជុំវិញបញ្ហាហុងកុង

បរទេស៖ ក្រសួងការបរទេសចិន នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួននឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើបុគ្គលអាមេរិក ដែលមានអាកប្បកិរិយាហួសហេតុ ពាក់ព័ន្ធនឹងបញ្ហាហុងកុង ក្រោយទីក្រុងវ៉ាស៊ីនតោន បានធ្វើការប្រកាស អំពីការរឹតបន្តឹងទិដ្ឋាការ លើមន្ត្រីចិនមួយចំនួន ជុំវិញបញ្ហាទីក្រុងហុងកុង។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុង សន្និសីទកាសែតមួយថា ប្រទេសចិន កំពុងតែជំរុញសហរដ្ឋអាមេរិក ឲ្យឈប់ជ្រៀតជ្រែក ក្នុងកិច្ចការហុងកុង និងបានព្រមានថា ប្រទេសចិន នឹងមានប្រតិកម្ម ជាមួយចំណាត់ការប្រឆាំងដ៏ខ្លាំងក្លា ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តសកម្មភាពរបស់ខ្លួននោះ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានមានប្រសាសន៍ថា ទីក្រុងវ៉ាស៊ីនតោន នឹងដាក់ការរឹតបន្តឹងទិដ្ឋាការ លើមន្ត្រីរបស់បក្សកុម្មុយនិស្តចិន ដែលគេជឿថា មានទំនួលខុសត្រូវ ចំពោះការធ្វើឲ្យប៉ះពាល់ ដល់សេរីភាពនៅហុងកុង៕ ប្រែសម្រួល៖ប៉ាង កុង

To Top