ព័ត៌មានអន្តរជាតិ

យ៉ាងហោចណាស់ ស្លាប់៣០នាក់ បន្ទាប់ពីមាន ករណីលិចសាឡង់ នៅបង់ក្លាដេស

ដាកា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ថា យ៉ាងហោចណាស់សាកសព ចំនួន៣០នាក់ ត្រូវបានគេរកឃើញ បន្ទាប់ពីមានករណីលិចសាឡង់មួយគ្រឿង ដែលបានដឹកអ្នកដំណើរ ហើយបានលិចនៅទន្លេ Buriganga នៅក្រុងដាកា រដ្ឋធានីរបស់បង់ក្លាដេស នៅថ្ងៃចន្ទ ។

លោក Enayet Hossain មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកសេវា កម្មអគ្គីភ័យ និងស្នាក់ការកណ្តាលការពារជនស៊ីវិល បានប្រាប់ ដល់ស៊ិនហួថា “សាកសពចំនួន៣០នាក់ ក្នុងនោះរាប់បញ្ចូលទាំងបុរស១៩នាក់ ហើយ៨នាក់ជាស្ត្រី និងមានកុមារ៣នាក់ ត្រូវបានរកឃើញ” ។

យោងតាមមន្ត្រីបានឲ្យដឹងថា សាឡង់ចម្លងទៅមករដ្ឋធានីដាកា ឈ្មោះ “បក្សពេលព្រឹក” បានក្រឡាប់លិច បន្ទាប់ពី សាឡង់បានបុកនឹងទូកមួយផ្សេងទៀត គឺឈ្មោះ “Moyur-2” នៅទន្លេ Buriganga នៅទន្លេ Sadarghat នៅជិតរដ្ឋធានីដាកា ដែលសាឡង់នោះបានលិចនៅចន្លោះម៉ោង៩និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ។

គាត់ឲ្យដឹងថា “យើងបានដឹងថា សាឡង់ បានដឹកអ្នកដំណើរប្រមាណ៥០ទៅ៦០នាក់” ។

មន្ត្រីបានឲ្យដឹងថា អ្នកដំណើរខ្លះបានហែលទឹក មកដល់ឆ្នេរសមុទ្រ ក្រោយពីសាឡង់ បានក្រឡាប់ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top