ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិហុងកុងថា នឹងមិនបារម្ភអំពីទណ្ឌកម្ម របស់អាមេរិកឡើយ

ហុងកុង៖ នាយកប្រតិបត្តិ នៃតំបន់រដ្ឋបាលពិសេសហុងកុង របស់ប្រទេសចិន (HKSAR) លោកស្រី Carrie Lam បាននិយាយនៅថ្ងៃអង្គារនេះថា ហុងកុងនឹងមិនភ័យខ្លាច ដោយការដាក់ទណ្ឌកម្មណាមួយឡើយ ដើម្បីឆ្លើយតប ទៅនឹងការដកហូតតំណែងពិសេស របស់សហរដ្ឋអាមេរិក ចេញពីហុងកុង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស្រី Carrie Lam បានប្រាប់សន្និសីទកាសែតថា ទីក្រុងហុងកុង បានរៀបចំសម្រាប់ជំហរ របស់សហរដ្ឋអាមេរិក ហើយបានប៉ាន់ស្មានថា វិធានការរឹតត្បិតពាណិជ្ជកម្ម នឹងបង្កឱ្យមានការរអាក់រអួលបន្តិចបន្តួច ដោយលោកស្រីសង្កត់ធ្ងន់ថា ផលប៉ះពាល់លើវិស័យច្នៃប្រឌិត បច្ចេកវិទ្យារបស់ហុងកុង នឹងត្រូវបានកំណត់។

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានប្រកាសការសម្រេច ព្យួរការអនុគ្រោះពាណិជ្ជកម្ម ដែលបានផ្តល់ឱ្យហុងកុង រួមទាំងភាពអាចរកបាន នៃការលើកលែងអាជ្ញាប័ណ្ណនាំចេញ ក្រោមលេស នៃច្បាប់សន្តិសុខជាតិនៅហុងកុង។

លោកស្រី Carrie Lam បន្ថែមថា ប្រសិនបើអាជ្ញាធរកណ្តាល អនុម័តវិធានការឆ្លើយតប រដ្ឋាភិបាល HKSAR នឹងសហការយ៉ាងពេញទំហឹង លើវិធានការនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top