ព័ត៌មានអន្តរជាតិ

ឥណ្ឌា នឹងចែកអាហារ ដោយមិនគិតថ្លៃ ឱ្យប្រជាជន ៨០០លាននាក់ រយៈពេល ៥ខែ

ញូដេលី ៖ ដោយស្ថិតនៅក្រោមភាព តានតឹងផ្នែកសេដ្ឋកិច្ចបន្ទាប់ពីការជាប់គាំង រដ្ឋាភិបាលឥណ្ឌាបានផ្តល់ជំនួយ ដល់ប្រជាជនចំនួន ៨០០ លាននាក់ ដោយបែងចែករបបអាហារ ដោយឥតគិតថ្លៃក្នុងរយៈពេល ៣ ខែ ។ នាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី បាននិយាយថា ចំនួនប្រជាជន ដែលផ្តល់របប ដោយឥតគិតថ្លៃ គឺមានចំនួនច្រើនដងជាងប្រជាជននៃប្រទេសធំ ៗ ជាច្រើន ដូចជាសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ បានឱ្យដឹងថា នាយករដ្ឋមន្រ្តី ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានប្រកាសអំពីការ រៀបចំរបបអាហារ ដោយឥតគិតថ្លៃ ដែលនឹងចំណាយប្រាក់ចំនួន ១២ ពាន់លានដុល្លារ ដល់ប្រជាជនចំនួន ៨០០ លាននាក់ក្នុងរយៈពេល ៥ ខែខាងមុខនេះ។ ប្រជាជននឹងទទួលបានអង្ករ ៥ គីឡូក្រាម ឬស្រូវសាឡី ៥ គីឡូក្រាម និងសណ្តែក ១ គីឡូក្រាមផងដែរ។

លោកម៉ូឌីបាននិយាយកាលពីថ្ងៃអង្គារថា “មនុស្សជាង ៨០០ លាននាក់ ត្រូវបានផ្តល់របបដោយមិនគិតថ្លៃ ដែលស្មើនឹង ២,៥ ដងនៃចំនួនប្រជាជនអាមេរិក និង ១២ ដងនៃប្រជាជនអង់គ្លេស” ។

លោកនាយករដ្ឋមន្រ្តីឥណ្ឌាបន្ថែមថា ថវិកាជាង ១២ ពាន់លានដុល្លារនឹងត្រូវចំណាយ ក្នុងការពង្រីកគម្រោងសុខុមាលភាព របស់លោក ដែលត្រូវបានគេស្គាល់ថា Pradhan Mantri Garib Kalyan Anna Yojana “ ប្រសិនបើអ្នកបន្ថែមការចំណាយក្នុងរយៈពេលបីខែចុងក្រោយ នោះវានឹងមានចំនួនជិត ២០ ពាន់លានដុល្លារ” ៕
ប្រែសម្រួលៈ ណៃ តុលា

To Top