ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារយូអិន អំពាវនាវឲ្យកុងហ្គោ បង្ក្រាបអំពើហិង្សា

បរទេស៖ ទីភ្នាក់ងារ របស់អង្គការសហប្រជាជាតិមួយ បានអំពាវនាវឲ្យអាជ្ញាធរ ក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ការពារជនស៊ីវិល និងចាប់ខ្លួនមនុស្ស ដែលទទួលខុសត្រូវ ចំពោះរលកវាយប្រហារ ធ្វើឡើងដោយក្រុមប្រដាប់អាវុធ នៅតំបន់ភាគខាងកើតនៃប្រទេស។

ទីភ្នាក់ងារជនភៀសខ្លួន អង្គការសហប្រជាជាតិ បាននិយាយប្រាប់ថា នៅក្នុងរយៈពេល៨សប្ដាហ៍កន្លងទៅ មន្ត្រីនានាបានសិក្សា អំពីការវាយប្រហារជាច្រើន ទៅលើទីតាំងស្នាក់នៅ របស់ជនភៀសខ្លួន និងភូមិនានា ភាគច្រើនគឺនៅក្នុងទឹកដីទីក្រុង Djugu ក្នុងខេត្ត Ituri ហើយនៅទីក្រុង Fizi និងទីក្រុង Mwenga ក្នុងខេត្ត South Kivu ព្រមទាំងនៅទីក្រុង Masisi និងទីក្រុង Rutshuru ក្នុងខេត្ត North Kivu។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីភ្នាក់ងារយូអិននេះ បាននិយាយប្រាប់ដូច្នេះថា “យើងកំពុងតែអំពាវនាវឲ្យអាជ្ញាធរ បង្កើនពង្រឹងវត្តមានប៉ូលិស និងកងកម្លាំងយោធា ដែលមានការគាំទ្រ ចំពោះបេសកកម្មរក្សាស្ថិរភាព របស់អង្គការយូអិន នៅសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើង នូវស្ថានភាពសន្តិសុខ និងចាប់មេក្លោងឲ្យទទួលខុសត្រូវ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top