ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន៖កូរ៉េខាងជើង ទប់ស្កាត់ មេរោគកូរ៉ូណា មិនឲ្យឆ្លងចូលបាន

បរទេស៖មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយប្រាប់កិច្ចប្រជុំមួយរបស់ការិយាល័យនយោបាយរបស់គណបក្សពលករកូរ៉េថា ប្រទេសកូរ៉េខាងជើង បានរារាំងមេរោគកូរ៉ូណា មិនឲ្យមានផ្លូវឆ្លងចូលមកក្នុងប្រទេសបាន នេះបើតាមសេចក្តីរាយការណ៍មួយ ទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើង ឈ្មោះ KCNA នៅថ្ងៃសុក្រនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្ដាលរបស់កូរ៉េខាងជើងនោះលោក គីម ជុងអ៊ុន បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងបានធ្វើការទប់ស្កាត់យ៉ាងហ្មត់ចត់ មិនឲ្យមេរោគដ៏សាហាវមានផ្លូវឆ្លងចូលបាន និងរក្សាស្ថានភាពប្រឆាំងការរាតត្បាតឆ្លងបានយ៉ាងខ្ជាប់ខ្ជួន បើទោះជាមានវិបត្តិសុខភាពទូទាំងពិភពលោក ហើយនេះគឺជាការទទួលបានជោគជ័យដ៏ត្រចះត្រចង់”។

ប៉ុន្តែមេដឹកនាំកូរ៉េខាងជើងរូបនេះ បានធ្វើការព្រមានប្រឆាំងនឹងភាពមានអំនួតលើខ្លួនឯង ឬក៏ការបន្ធូរបន្ថយក្នុងកិច្ចខិតខំប្រឹងប្រែងប្រឆាំងមេរោគរាតត្បាតនោះ និងបានជំរុញឲ្យប្រជាជនកូរ៉េខាងជើង រក្សាការប្រុងប្រយ័ត្នជាអតិបរិមាទៀតផង។

គួរបញ្ជាក់ថា កច្ចប្រជុំការិយាល័យ នយោបាយនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលប្រទេសរងគ្រោះដោយសារមេរោគកូវីដ១៩ជាច្រើន កំពុងតែបន្ធូរបន្ថយបម្រាមគោចរ បើទោះជាពិភពលោក ធ្វើដំណើរយ៉ាងលឿនឆ្លងកាត់ព្រឹត្តិការណ៍ដ៏គួរឲ្យខ្លាច ដែលមានករណីឆ្លងបានបញ្ជាក់ចំនួន១០លានករណី និងករណីស្លាប់ចំនួន៥០០.០០០៕
ប្រែសម្រួល៖ប៉ាង កុង

To Top