ព័ត៌មានអន្តរជាតិ

ផ្ទុះឆេះរោងចក្រផលិត កាំជ្រួចមួយកន្លែងនៅតួកគី បណ្តាលឲ្យស្លាប់ និងរបួសជាង១០០នាក់

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ថា រដ្ឋមន្ត្រីរបស់ប្រទេសតួកគី បានថ្លែងកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឆេះរោងចក្រផលិតកាំជ្រួចមួយកន្លែង នៅខេត្ត Sakarya ដែលស្ថិតនៅភាគពាយព្យ ប្រទេសតួកគី បណ្តាលឲ្យស្លាប់មនុស្ស៤នាក់ និង១០៨នាក់ទៀតបានរងរបួស ។

ថ្លែងទៅកាន់បណ្តាអ្នកសារព័ត៌មាន នៅកន្លែងកើតហេតុ នៅស្រុក Hendek លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Suleyman Soylu បានថ្លែងថា មនុស្ស៤នាក់បានស្លាប់ ហើយប្រតិបត្តិការរុករក និងជួយសង្គ្រោះកំពុងបន្តអនុវត្តន៍ ។

លោក Fahrettin Koca រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកត់សម្គាល់ថា សរុបអ្នករងរបួសមានចំនួន១០៨នាក់ និងបានបញ្ជូនទៅដល់មន្ទីរពេទ្យ និងមានអ្នករបួសស្រាលចំនួន៤៨នាក់ ក្រោយមកបានឲ្យចាកចេញពីមន្ទីរពេទ្យវិញ ។

សូមបញ្ជាក់ថា ករណីផ្ទុះឆេះទ្រង់ទ្រាយធំបានកើតឡើងនៅវេលាម៉ោង១១និង១៥នាទីព្រឹកម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង៨និង១៥នាទីម៉ោងសកល នៅឯរោងចក្រនោះ ដែលមានផ្ទុះសារធាតុផ្ទុះប្រមាណ១១០តោន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×