ព័ត៌មានអន្តរជាតិ

ស៊ូដង់ដកហូត តំណែង មន្ត្រីប៉ូលីស ជាន់ខ្ពស់ក្រោយ មានការតវ៉ា

បរទេស៖មេប៉ូលីសនៃប្រទេស ស៊ូដង់និងអនុប្រធាន នៅថ្ងៃអាទិត្យម្សិលមិញនេះ ត្រូវបានដកហូតតំណែង ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី មានការតវ៉ាដ៏ធំ ទាមទារឲ្យមានវិធានការបន្ថែមប្រឆាំងនឹងមន្ត្រីនានា ដែលមានការជាប់ពាក់ព័ន្ធ នឹងលោកប្រធានាធិបតី Omar al-Bashir ដែលត្រូវបានគេបណ្ដេញចេញ ពីតំណែង។

លោក Adel Mohamed Bashaer ជាអគ្គនាយកនៃកងកម្លាំងប៉ូលីសរបស់ប្រទេសស៊ូដង់ ត្រូវបានដកហូតចេញពីតំណែងរបស់លោក និងដាក់ជំនួសវិញដោយលោក Ezz Eldin Sheikh Ali នេះបើយោងតាមសម្តីលោកនាយករដ្ឋមន្ត្រី Abdalla Hamdok ដែលបាននិយាយលើបណ្ដាញសង្គមធ្វីតធ័រ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតនោះទេ។

គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ានិងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ បានភ្ជាប់មន្ត្រីប៉ូលីសដែលដកហូតតំណែងទាំងពីររូបនេះ ទៅនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី Omar al-Bashir ដែលត្រូវបានដកចេញពីអំណាចនៅក្នុងខែមេសា ឆ្នាំ២០១៩ ក្រោយមានការតវ៉ាអស់រយៈពេលជាច្រើនខែ៕ប្រែសម្រួល៖ប៉ាង កុង

To Top