ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះ ទ័ពជើងទឹកអាមេរិក ធ្វើសមយុទ្ធនៅសមុទ្រចិនខាងត្បូង

បរទេស៖ នាវាផ្ទុកយន្តហោះ ទ័ពជើងទឹកសហរដ្ឋអាមេរិក ពីរគ្រឿង កំពុងតែធ្វើសមយុទ្ធ ជាមួយក្រុមនាវាចម្បាំង នៅក្នុងដែនសមុទ្រចិនខាងត្បូង ស្ថិតក្នុងរយៈចម្ងាយ ដែលនាវាទ័ពជើងទឹកចិន អាចមើលឃើញ នេះបើយោងតាមសម្តី របស់មេបញ្ជាការ របស់នាវាផ្ទុកយន្តហោះ USS Nimitz និយាយប្រាប់នៅថ្ងៃចន្ទនេះ។

នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទ ពីលើនាវាផ្ទុកយន្តហោះ ដែលកំពុងតែធ្វើសមយុទ្ធ ហោះហើរយន្តហោះ តាមផ្លូវទឹកជាមួយ នាវាផ្ទុកយន្តហោះកងលេខ៧ USS Ronald Reagan នោះ លោកឧត្តមនាវី James Kirk បាននិយាយប្រាប់យ៉ាងដូច្នេះថា “ពួកគេមើលឃើញយើង ហើយយើងក៏មើលឃើញពីគេដែរ”។

ចំណែកក្រសួងការបរទេស របស់ប្រទេសចិន បាននិយាយប្រាប់ថា សហរដ្ឋអាមេរិក មានចេតនា បញ្ជូននាវាចម្បាំងរបស់ខ្លួន មកកាន់ដែនសមុទ្រចិនខាងត្បូង ក្នុងគោលបំណងបង្ហាញសាច់ដុំរបស់ខ្លួន និងបានចោទអាមេរិក ពីបទព្យាយាមជំរុញ ឲ្យមានការខ្វែងគំនិតគ្នា រវាងប្រទេសនានាក្នុងតំបន់៕ ប្រែសម្រួល៖ប៉ាង កុង

To Top