ព័ត៌មានអន្តរជាតិ

ចិន ជំរុញអាមេរិក បញ្ឈប់ការធ្វើ នយោបាយលើវិបត្ដិ ជំងឺកូវីដ-១៩


ប៉េកាំង៖ ឆ្លើយតបនឹងការនិយាយបង្កាច់បង្ខូចរបស់អ្នកនយោបាយអាមេរិក ប្រទេសចិន បានទទូចដល់សហរដ្ឋអាមេរិកឱ្យគោរពរាល់អង្គហេតុ និងបញ្ឈប់ការធ្វើនយោបាយលើវិបត្ដិជំងឺឆ្លងកូវីដ- ១៩ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានធ្វើការកត់សម្គាល់នៅឯសន្និសីទសារព័ត៌មានមួយដោយបដិសេធការចោទប្រកាន់របស់អ្នកនយោបាយអាមេរិក ដែលថាចិនមិនដែលរាយការណ៍ពីការឆ្លងវីរុសនេះទៅអង្គការសុខភាពពិភពលោកនោះទេបន្ទាប់ពីការធ្វើបច្ចុប្បន្នភាពរបស់អង្គការសុខភាពពិភពលោក កាលពីពេលថ្មីៗនេះ ស្តីពីពេលវេលានៃការឆ្លើយតបរបស់ខ្លួនចំពោះជំងឺឆ្លងខាងលើនេះ ។

ប្រទេសចិន ក្នុងនាមជារដ្ឋភាគីនៃបទប្បញ្ញត្តិសុខភាពអន្តរជាតិរបស់អង្គការសុខភាពពិភពលោក បានអនុវត្តកាតព្វកិច្ច និងភារកិច្ចរបស់ខ្លួនប្រកបដោយមនសិការក្រោមបទប្បញ្ញត្តិនានាដោយបើកចំហតម្លាភាព និងទំនួលខុសត្រូវនិងចែករំលែកព័ត៌មានជំងឺកូវីដ-១៩ ជាមួយអង្គការសុខភាពពិភពលោក បណ្តាប្រទេសពាក់ព័ន្ធ និងអង្គការក្នុងតំបន់ ហុងកុង ម៉ាកាវ និងតៃវ៉ាន់ ជាដើម៕ដោយ ឈូក បូរ៉ា

To Top