ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីបារាំង ប្រកាសរុះរើគណៈរដ្ឋមន្ត្រី និងផ្លាស់ប្តូរមុខតំណែង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ

ប៉ារីស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា កាលពីថ្ងៃចន្ទ ប្រធានាធិបតីបារាំង បានប្រកាសរុះរើគណៈរដ្ឋមន្ត្រី ដោយដាក់បញ្ចូល នូវជីវប្រវត្តិនាចាស់ និងផ្លាស់ប្តូរមុខមាត់ថ្មី ដើម្បីបន្តដំណើរទៅឈានខាងមុខ ដែលជាការប្តេជ្ញាចិត្ត របស់លោកប្រធានាធិតីបារាំង Emmanuel Macron ក្នុងការកែទម្រង់ការិយាល័យ របស់គាត់ឲ្យល្អប្រសើរ សម្រាប់រយៈពេលនៅសល់ពេល២ឆ្នាំទៀតនោះ ។

ក្នុងចំណោមអ្នកចូលកាន់មុខតំណែងថ្មីៗ នៅគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី Jean Castex មេធាវី Eric Dupont-Moretti វ័យ៥៩ឆ្នាំ ត្រូវបានតែងតាំង ជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក Roselyne Bachelot វ័យ៧៣ឆ្នាំ ដែលបានកាន់មុខតំណែង ៣តំណរជារដ្ឋមន្ត្រី តាំងពីអាណត្តិលោក អតីតប្រធានាធិបតី Jacques Chirac និង Nicolas Sarkozy ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងវប្បធម៌ ។ លោក Barbara Pompili វ័យ៤៥ឆ្នាំ ជាអ្នកអេកូឡូស៊ី បានចូលរួមជាបក្ស កាន់អំណាចក្នុងរយៈពេល៣ឆ្នាំមកនេះ ត្រូវបានតែងតាំងជារដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងលោក Elisabeth Borne នឹងត្រូវតែងតាំង ជារដ្ឋមន្ត្រីក្រសួងការងារ ។

ទន្ទឹមនេះដែរ លោក Macron បានរក្សាមុខតំណែង ដោយឲ្យលោក Jean-Yves Le Drian នៅបន្តកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចការអឺរ៉ុបដដែល ហើយលោក Bruno Le Maire បន្តកាន់តំណែងជារដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ និងហិរញ្ញវត្ថុ លោកស្រី Florence Parly បន្តតំណែងជារដ្ឋមន្ត្រី ក្រសួងការពារជាតិ និងលោក Olivier Veran នៅកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល និងសាមគ្គីភាពដដែល ។

រដ្ឋមន្ត្រីក្រសួងថវិកា Gerald Darmanin ត្រូវទៅកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជំនួសលោក Christophe Castaner ដែលរងការរិះគន់ពី សំណាក់ក្រុមតវ៉ារឿងបញ្ហារស់នៅ របស់ជនស្បែកខ្មៅ ដែលបានដាក់សង្ស័យថា ជាអ្នករើសអើងជាតិសាសន៍ ។

គណៈរដ្ឋមន្ត្រីថ្មីនេះ មានរដ្ឋមន្ត្រីចំនួន១៦រូប និង១៥រូបជាអនុរដ្ឋមន្ត្រី ។ ពាក់កណ្តាលនៃរដ្ឋមន្ត្រីទាំងនោះជាស្ត្រី ដែលអនុវត្តន៍តាមការសន្យា របស់ប្រធានាធិបតី ដែលជ្រើសតាំងអ្នកដឹកនាំស្ត្រី ឲ្យមានសមភាពយេនឌឺ ។ គណៈរដ្ឋមន្ត្រីថ្មីនេះ នឹងគ្រោងបើកសម័យប្រជុំរបស់ខ្លួន ជាលើកដំបូង នៅរសៀលថ្ងៃអង្គារនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top